ព្រះមហាក្សត្រកម្ពុជា អំពាវនាវដល់ប្រជានុសាស្រ្ត និងគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សូមចូលរួមដាំដើមឈើទាំងអស់គ្នា

វិទ្យុុជាតិកម្ពុជា៖ ដោយលោកស្រីផន វាសនា

ក្រចេះ៖ ព្រះមហាក្សត្រកម្ពុជា អំពាវនាវដល់ប្រជានុសាស្រ្ត និងគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សូមចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើងទាំងអស់គ្នា ។

ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវចំពោះព្រះសង្ឃ បងប្អូនជនរួមជាតិទូទាំងប្រទេស សូមចូលរួមដាំដើមឈើគ្រប់ប្រភេទ នៅតាមទីវត្តអារ៉ាម ទីសាធារណៈ តាមដងផ្លូវ តាមរមណីយដ្ឋាន តាមលំនៅដ្ឋាន ជាដើម ដើម្បីបានជាម្លប់ សំរាប់មនុស្ស សត្វ បានជាឈើ សំរាប់សំណង់ អុស ធ្យូង ជាពិសេសបង្កើតជីវជាតិដីកសិកម្ម ជួបទប់កម្លាំងខ្យល់ និងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជាពិធីបុណ្យ«រុក្ខទិវា»០៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ខេត្តក្រចេះ នេះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ធូល ឲ្យផ្នែករដ្ឋបាលព្រៃឈើ គួរយកចិត្ត ទុកដាក់រៀបចំ ដើម្បីឲ្យគូស្វាមី ភរិយាថ្មី ដែលទើបរៀបអាពាហ៍ពិពាហ៍ ដាំដើមឈើទុកជាអនុ ស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ ដែលបានបង្កើតឡើងដោយរដ្ឋបាលព្រៃឈើឲ្យបាន គ្រប់ៗគ្នា។ ជាមួយគ្នានេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ធូល សូមឲ្យបងប្អូនជនរួមជាតិទាំងអស់ ជួយទប់ស្កាត់ការកាប់ឈើ ការទន្ទ្រានដីព្រៃគ្រប់រូបភាព ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើងទាំងអស់គ្នា ជាពិសេសសំរាប់កូនចៅជំនាន់ក្រោយ។ សូមបញ្ជាក់ថា បុណ្យ«រុក្ខទិវា»បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ៕