ខេត្តកំពង់ធំរៀបចំពិធីរម្លឹកខួប២ឆ្នាំ នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

AKP កំពង់ធំ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ -នៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុកព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទររម្លឹកខួបពីរឆ្នាំ នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្រោមអធិបតីភាព ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ត ម សុខ លូ អភិបាលខេត្កំពង់ធំ និងមានការអញ្ជើញរួមពីឯកឧត្តម លោកជំទាវ លោក លោក ស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអភិបាល អភិបាលរងក្រុង ស្រុកទាំង០៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំបីប្រភេទលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ១.០០០នាក់។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា រយៈពេល ២ឆ្នាំ នៃការតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិលោក មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការការពារ ថែរក្សាកេរមរតក ស្នាដៃ និងសមិទ្ធផលនានា ដែលអ្នកជំនាន់មុនបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ហើយសកម្មភាពនេះមិនត្រឹមតែជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ យុវជនយើងស្គាល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ថែមទាំងជាគំរូសម្រាប់ឱ្យយុវជនទូទាំងខេត្តបន្តបេសកកម្មនេះដើម្បីជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយៗទៀត។

ឯកឧត្តម សុខ លូ បានសំណូមពរដល់អ្នកពាក់ព័ន្ធ រួមជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់់ក៏ដូចជាប្អូនៗយុវជន ត្រូវចូលរួមបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពប្រទេសជាតិយើងឱ្យបានល្អ និងមិនត្រូវបំភ្លេចនូវមេរៀនៃប្រវត្តិសាស្រ្តដែលបានធ្វើឱ្យខ្មែរយើងឈឺចាប់អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ដោយសាតែភ្លើងសង្គ្រាមរ៉ាំរ៉ៃដែលគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការពារថែរក្សាសម្បត្តិវប្បធម៌សំបូរបែប ដែលជាកេរដំណែលរបស់បុព្វបុរសយើងបានបន្សល់ទុកឱ្យឡើយ។

ឯកឧត្ត ជុច ភឿន មានប្រសាសន៍ថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពទើបប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បើគ្មានសន្តិភាពទេយើងមិនអាចធ្វើអ្វីកើតដែរ ។ ឯកឧត្តមក៏បានលើកឡើងពីគុណតម្លៃ នៃប្រាង្គប្រាសាទ ហើយរួមគ្នាថែរក្សាឱ្យបានគង់វង្ស។

លោក ហេង ថន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ជាក់ថា រមណីយដ្ឋា នប្រាសាទសំបូរព្រៃគុក បានទទួលរងការខូចខាតដោយសារសង្រ្គាម ពិសេសក្នុងសម័យខ្មែរក្រហម និងសង្គ្រាមស៊ីវិល។ ទីនោះត្រូវបានបោះបង់ចោលដោយគ្មានការអិរក្ស ដែលធ្វើឱ្យស្ថានភាពប្រាសាទកាន់តែទ្រុឌទ្រោមថែមមួយកម្រិតទៀត។ លុះដល់ទស្សវត្សទី៩០(ឆ្នាំ១៩៩២) ទើបរាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់ប្រាសាទសំបូរព្រៃគុក ហើយប្រគល់ភារកិច្ចជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្ដើមគិតគូរសិក្សា និងអភិរក្សឡើងវិញ។

លោក ហេង ថន បានបន្តថា ចាប់តាំងពីឆ្នាំ២០០០មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន បានធ្វើការសិក្សាស្រាវជ្រាវជួសជុល ទុលទ្រ និងថែទាំជាប្រចាំ។ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ អាជ្ញាធរជាតិសំបូរព្រៃគុកបានធ្វើការជាប្រចាំក្នុងការគ្រប់គ្រង ថែទាំជួសជុលប្រាសាទទាំងឡាយណាដែលប្រឈមនឹងហានិភ័យខ្ពស់។ នៅឆ្នាំ២០១៨ អាជ្ញាធរជាតិសំបូរព្រៃគុក បានអនុវត្តន៍គម្រោងជួសជុលប្រាសាទនិងសង្គ្រោះចម្លាក់ដែលប្រឈមនឹងហានិភ័យខ្ពស់ចំនួនបី ក្នុងក្រុមប្រាសាទយាយព័ន្ធ គឺប្រាង្គS11 ចម្លាក់លម្អលើជញ្ជាំង(ចម្លាក់មេដាយ) និងចម្លាក់ប្រាសាទអណ្ដែត។ នៅឆ្នាំ២០១៩បាននិងកំពុងដំណើការជួសជុលនិងពង្រឹងក្លោងទ្វារប្រាសាទ S5 នៃក្រុមប្រាសាទយាយព័ន្ធ។ គម្រោងសង្រ្គោះបន្ទាន់ចម្លាក់ជញ្ជាំង និងចម្លាក់ប្រាសាទអណ្ដែត គម្រោងអភិរក្សគាំពារ និងតាមដានហានិភ័យប្រាសាទS7, S10 និងមានគម្រោងជួសជុលថ្មីចំនួន៤ទៀតមានទ្វារខាងកើតប្រាសាទយាយព័ន្ធ, ប្រាសាទN11, S3, ប្រាសាទត្រពាំងល្ពាក់ និងប្រាសាទដូនមោង។

លោក ហេង ថន បញ្ជាក់ទៀតថា បច្ចុប្បន្នតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏មានសក្ដានុពលមួយនេះ បាននិងកំពុងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកជំនាញផ្សេងៗចូលមកទស្សនា និងធ្វើការសិក្សា ស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសាស្រ្ត វប្ប ធម៌និងជំនឿសាសនាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩នេះចំនួនភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ២៣៨.៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ២១៦.៧៨១នាក់ មានការកើន៤៨ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ១១.៥៨៦នាក់ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនផងដែរ៕

ដោយ ស៊ុម វណ្ណា