មន្រ្តីផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប កំពុងតែធ្វើការរឹតបន្តឹងការត្រួតពិនិត្យ លើសុខភាពសត្វជ្រូក ខណៈសត្វជ្រូកមួយចំនួននៅខេត្តត្បូង​ឃ្មុំកំពុងតែកើតមាន​ជំងឺប៉េស្តជ្រូកអាហ្វ្រិក

AKP សៀមរាប ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ — លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តសៀមរាប បាន​ឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នេះថា បើទោះបីបច្ចុប្បន្ននេះនៅក្នុងខេត្តសៀមរាប មិនមានការឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិកក្តី ប៉ុន្តែមន្រ្តីជំនាញមិនបាននៅស្ងៀមទេ គឺបានតាមដានស្រាវជ្រាវយ៉ាងហ្មត់ចត់ និងជាប្រចាំ ទៅលើសុខភាពសត្វជ្រូកនៅទូទាំងខេត្ត និងបានណែនាំឱ្យអ្នកចិញ្ចឹមជ្រូក កន្លែងប្រមូលផ្តុំ ជ្រូក និងទីផ្សារជ្រូកឱ្យធ្វើអនាម័យឱ្យបានជាប្រចាំ។ ដើម្បីធានាសុវត្ថិភាព​ដល់អ្នកបរិភោគ សាច់ជ្រូក ជាពិសេសភ្ញៀវទេសចរដែលបាន​មក​ស្នាក់នៅកម្សាន្ត សប្បាយនៅក្នុងខេត្ត សៀមរាប។

លោកបានបន្តថា មន្រ្តីផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានកំពុងតែបង្កើន ការត្រួតពិនិត្យលើសុខភាពសត្វជ្រូក ដែលត្រូវយកមកផ្គត់ផ្គង់នៅលើទីផ្សារក្នុងខេត្តសៀមរាប ដូចជាការពិនិត្យសត្វជ្រូកដឹកតាមរថយន្ត តាមម៉ូតូ តាមកសិដ្ឋាន និងកន្លែងចិញ្ចឹមជា លក្ខណៈគ្រួសារដោយមានការបាញ់ថ្នាំសម្លាប់មេរោគជាមុនផងដែរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ​ មន្រ្តី​ជំនាញ​បសុព្យាបាលបានសហការជាមួយ មន្រ្តីនគរបាល​នៅគ្រប់មូលដ្ឋាន​ធ្វើការត្រួតពិនិត្យ និងតាម​ជាប់ជានិច្ចអំពីបញ្ហាសុខភាពសត្វ ជ្រូកជាពិសេសគឺជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងតែកើតមាន​នៅខេត្តត្បូងឃ្មុំ។

លោកបានបន្តថា នូវរាល់សត្វជ្រូកទាំង​អស់ដែលដាក់លក់នៅលើទីផ្សារនៅក្នុង ខេត្តសៀមរាប គឺត្រូវតែមានការត្រួតពិនិត្យពីមន្រ្តីជំនាញ ដែលមាន​បោះត្រានៅលើសាច់ ជ្រូកតែម្តង។ ក្រៅពីនេះមន្រ្តីជំនាញ​ក៏បាន​ហៅអ្នកដើរលក់សាច់ជ្រូកចល័តមកអប់រំណែនាំ ឱ្យយកតែសាច់ជ្រូក ដែលមានសុវត្ថិភាពទៅលក់ដោយមិនអនុញ្ញាតឱ្យវាយជ្រូកខ្លួនឯង យកសាច់ទៅលក់ដោយគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ។

លោក ព្រំ វិច បាន​បញ្ជាក់ទៀតថា សត្វជ្រូកដែលយកមកផ្គត់ផ្គង់នៅក្នុងខេត្តសៀម រាបបច្ចុប្បន្ននេះមានប្រមាណជា២០០ ទៅ២៥០ក្បាល ក្នុង១ថ្ងៃ ហើយសត្វជ្រូកទាំងនោះគឺ ជាជ្រូកក្នុងស្រុក និងមានការនាំចូលពីប្រទេសថៃតិចតួច និងគ្មានការនាំចូលពីប្រទេស វៀតណាមនោះទេ។ លោកបង្ហាញថា បច្ចុប្បន្ននេះ សម្រាប់សាច់ជ្រូកដែលនាំចេញពីសត្ត ឃាតដ្ឋានយកទៅដាក់លក់នៅលើទីផ្សារក្នុងខេត្តសៀមរាប គឺគ្មានមេរោឆ្លងទេ ប្រជាពលរដ្ឋ អាចបរិភោគបានដោយមានសុវត្ថិភាព។ ពីព្រោះនូវរាល់សត្វជ្រូកទាំងអស់ដែលដឹកចូល សត្តឃាតដ្ឋានមុន និងពិឃាតយកសាច់ជ្រូកទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពី មន្រ្តីជំនាញ។

ពាក់ព័ន្ធបញ្ហានេះដែរអាជ្ញាធរខេត្តសៀមរាប ក៏បានចេញសេចក្តីណែនាំមួយផងដែរ ដោយ​ជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចាត់តាំងកម្លាំង មន្ត្រីបសុពេទ្យខេត្ត-ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ និងរៀបចំសម្ភារបរិក្ខារបសុពេទ្យ សហការជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឬស្ថាប័នពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យ ណែនាំ វិធានការច្បាប់ និងវិធានការបសុពេទ្យដល់អ្នកចិញ្ចឹមសត្វម្ចាស់អាជីវកម្មដ្ឋាន អាជីវករទិញ ដឹកជញ្ជូន ពិឃាតលក់ និងការកែច្នៃផលិតផលសត្វ។ ក្នុងករណីចាំបាច់ត្រូវបង្កើតទីតាំងត្រួត ពិនិត្យសុខភាពសត្វបណ្តោះអាសន្ន និងទីតាំងចត្តាឡឺស័ក ធ្វើការត្រួតពិនិត្យអនាម័យ សុខភាពសត្វ កំណត់ពីរបៀបដឹកជញ្ជូនសត្វ ផលិតផលសត្វ និងបាញ់ថ្នាំ សម្លាប់មេរោគលើ មធ្យោបាយដឹកជញ្ជូនសត្វ និងផលិតផលសត្វគ្រប់ប្រភេទ៕

ដោយ ឃុត សៅ