អគ្គស្នងការនគរបាលជាតិកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គស្នងការរងជំនួយ នគរបាលភូមិន្ទថៃ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនគរបាលភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម ព្រំថន ផារខាត អគ្គស្នងការរងជំនួយនគរបាលភូមិន្ទថៃ ទទួលកិច្ចការបរទេស ក្នុងឱកាសដែល​គណៈ​ប្រតិភូថៃ អញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ លើទឹកដីព្រះរាជាណាចក្រ​កម្ពុជា។ ជំនួបនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គស្នងការដ្ឋាន​នគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ព្រំថន ផារខាត និងក្រុមការងារ និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការលើក ទឹកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការរឹតចំណងសាមគ្គីភាពរវាងកម្ពុជា និងប្រទេសថៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានស្នើទៅភាគីថៃ លើការជួយបណ្តុះបណ្តាលរយៈ​ពេលវែង​នូវ​គ្រូបង្គោលនៃនគរបាលកម្ពុជា ការជួយផ្តល់បទពិសោធន៍លើការគ្រប់គ្រងបុរី និងបទ ពិសោធន៍លើកិច្ចការគ្រប់គ្រងសន្តិសុខ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងកម្ពុជាដែលត្រៀម នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ និងធ្វើជាម្ចាស់ផ្ទះនៃកីឡា ស៊ីហ្គេម លើកដំបូងឆ្នាំ២០២៣។

ឯកឧត្តម ព្រំថន ផារខាត អគ្គស្នងការរងជំនួយនគរបាលភូមិន្ទថៃ ទទួលកិច្ចការបរ​ទេស បានអរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែល​បានអនុញ្ញាតឱ្យរូបលោកនិងក្រុមការងារបានជួបសម្តែងការគួរសមក្នុងឱកាសកំពុងចាប់ផ្តើមបំពេញទស្សនកិច្ច៣ថ្ងៃ នៅលើទឹកដីកម្ពុជានេះ៕

ដោយ ចាន់ សុធីវង្ស