ឯកឧត្តម នាយឧត្តមសេនីយ៍ គន់​ គីម​ បន្តបំពាក់មេដាយមាសការងារដល់អាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជននៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែកក្កដា ​ឆ្នាំ២០១៩ -ឯកឧត្តម នាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គួច​ ចំរើន​ អភិ បាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជនផ្សេងៗ ដែលបានចូលរួមជួយសង្រ្គោះជនរងគ្រោះ នៃការដួលរលំបាក់អគារ ៧ជាន់ នៅភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ កន្លងមកថ្មីៗនេះ។

ពិធីបំពាក់មេដាយមាសការងារនេះបានធ្វើឡើងនៅកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ ដែលមាន កងវិស្វកម្ម , កាកបាទក្រហមកម្ពុជាខេត្ត, មន្ត្រីសុខាភិបាល, ក្រុមការងារអ្នកស្ម័គ្រចិត្ត សមាគមនារីខេត្ត, បញ្ជាការដ្ឋានវិស្វកម្ម, ក្រុមហ៊ុន China Construction (S.E.A) Cambodia Corporation L.T.D , ក្រុមហ៊ុន Sea Snake Investment Co., LTD ,  ក្រុមហ៊ុនប្រមូលសំរាម KSWM , ក្រុមហ៊ុន GLSC សរុប ៤៣៤នាក់ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍​ គន់​ គីម​ មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី អាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជន ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះក្នុងករណីឧបទ្ទវហេតុ នៃការបាក់អគារកម្ពស់ ៧ជាន់ ដែលមានទីតាំងដីឡូ នៅតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកថ្មីៗនេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបំពាក់មេដាយមាសការងារចំនួន ១.៦៩៣គ្រឿង ជូនដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជន ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះ នៃការរលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ គឺជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង ប្រតិបត្តិការជួយសង្គ្រោះរបស់កងកម្លាំងរបស់យើង អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយ     សង្គ្រោះ រុករកជនរងគ្រោះ និងសាកសព ក្នុងឧបទ្ទហេតុ នៃការដួលរំលំបាក់អគារ ៧ជាន់​ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ បណ្តាលឱ្យមានមនុស្សស្លាប់ ២៨នាក់ និងរងរបួស ២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក ។

សូមរម្លឹកថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានបំពាក់មេដាយមាសការងារជូនដល់កម្លាំងសមត្ថកិច្ច ដែលបានចូលរួមជួយសង្គ្រោះ ជនរងគ្រោះរលំអគារនៅខេត្តព្រះសីហនុ មានដូចជា កងទ័ពជើងទឹករាម, តំបន់ប្រតិបត្តិការសឹករងខេត្ត, កងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, នគរបាលព្រំដែនទឹកផងដែរ ៕

ដោយ ងូ សុមុនី