អភិបាលខេត្តតាកែវសម្ពោធសមិទ្ធផលនានានៅវត្តកោះ ឃុំបាស្រែ ស្រុកអង្គរបុរី

AKP តាកែវ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃអាទិត្យ ៦កើត​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.​ស ២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តកោះ ស្ថិតនៅក្នុងឃុំ បាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ូច ភា បានកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជនក្នុង និងក្រៅប្រទេស ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមសាមគ្គីកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា​គោរពបូជា។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ មានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនេះក៏បាននាំមកនូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បូរណភាពទឹកដី និងកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជាមួយនឹងភាពសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ និងជីវភាពល្អប្រសើរបែបនេះ ពួកគាត់មានឧឱកាសចូលរួមកសាងសមិទ្ធផលនានា លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ឱ្យមានការរីកចម្រើនជាលំដាប់។ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។

តាមរបាយការណ៍របស់លោក ឌឹម កឹមសាន អភិបាលស្រុកអង្គរបុរី បានឱ្យដឹងថា ការសម្ពោធសមិទ្ធផលនានានៅក្នុងវត្តកោះ ពេលនេះ គឺមានកុដិថ្មីមួយខ្នង ធ្វើពីបេតុងប្រក់ក្បឿង ដែលមានទទឹង ១២ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ កម្ពស់ ៨ម៉ែត្រ រួមនឹងសមិទ្ធផលនានាដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ចំណាយថវិកាកសាងអស់ជាង ២០ម៉ឺនដុល្លារអាម៉េរិក។ ថវិកាទាំងអស់នេះបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយ សប្បុរសជន ក្នុងនិងក្រៅប្រទេស និងក្រុមការងារចុះជួយមូលដ្ឋាន បានរួមគ្នាកសាងសមិទ្ធផលជាបន្តបន្ទាប់៕

ដោយ អ៊ុច សៀង