សម្តេច ហេង សំរិន ៖ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរខូបលើកទី១១ ដែលអង្គការUNESCO ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងខូបលើកទី២ ដែលប្រាសាទសំបូរព្រៃគុក បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមទំព័រ Facebook ផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ចំថ្ងៃខូប១១ឆ្នាំ ដែលអង្គការUNESCO ដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ការសម្រេចបញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាករណីចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ។ រាជរដ្ឋាភិបាលបានប្រមូល និងចងក្រងឯកសារជាច្រើនដាក់ជូនដល់អង្គការ UNESCOជាមួយនឹងការពន្យល់ បកស្រាយយ៉ាងច្បាស់លាស់លើគោលជំហរឆន្ទៈក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណរបស់ខ្លួន។ សម្តេចបានលើកឡើងថា អង្គការ UNESCO បានដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ចំណែកប្រាសាទសំបូរព្រៃគុកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ” យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរយើង ដែលបានសាងសង់ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទបុរាណដទៃទៀត នៅពាសពេញប្រទេសទុកឱ្យកូនចៅរហូតសព្វថ្ងៃនេះ ធ្វើឱ្យអន្តរជាតិ ស្ញប់ស្ញែងចំពោះពូជសាសន៍របស់យើងជាទីបំផុត។ សម្តេចបន្តថា យើងជាកូនចៅ ចៅទូត ចងចាំជានិច្ចចំពោះព្រះរាជបូជនីកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានទាមទារ តតាំងក្តីនៅតុលាការអន្តរជាតិ ក្រុងឡាអេបានកាត់ក្តីឱ្យកម្ពុជាឈ្នះប្រទេសថៃលើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ១៩៦២។ សម្តេចប្រធានរដ្ឋសភា បានបន្តថា បច្ចុប្បន្ននេះទាំងប្រាសាទព្រះវិហារ ទាំងប្រា សាទសំបូរព្រៃគុក ទទួលបានការអភិរក្ស និងអភិវឌ្ឍន៍យ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងអង្គការUNESCO រួមនឹងដៃគូអន្តរជាតិជាច្រើនទៀត។ ប្រជាពលរដ្ឋរស់នៅក្បែរប្រាសាទទាំងពីរ ទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តទាំងពីរនេះឥតដាច់៕

ដោយ ប៉ាល់ សុង