ក្រសួងអប់រំបើកកិច្ចប្រជុំ ពិនិត្យកែសម្រួល ចំណុចមួយចំនួន សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារអចិន្ត្រៃយ៍ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលទៅចំណុចមួយចំនួន។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៥ខែកក្កដា នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីអង្គភាពនានា ដែលមានភារកិច្ចធ្វើការពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។
តាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំបានអោយដឹងថាកិច្ចប្រជុំនេះបាន ពិភាក្សា ទៅលើ បទប្បញ្ញត្តិសម្រាប់បេក្ខជន និងបុគ្គលិកអប់រំ ដែលត្រូវអនុវត្ត និងត្រូវបានហាមឃាត់ក្នុងពេលប្រឡង លក្ខខណ្ឌបេក្ខភាពនៃបេក្ខជនប្រឡង បដាផ្ដល់ព័ត៌មាន ដែលត្រូវបិទនៅតាមមណ្ឌលប្រឡង សំណួរដែលត្រូវបានសួរញឹកញាប់លើបណ្ដាញសង្គម ព្រមទាំងលិខិតបទដ្ឋានពាក់ព័ន្ធការប្រឡង ការកំណត់កាលបរិច្ឆេទសម្រាប់ការផ្សព្វផ្សាយព័ត៌មានជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕