សហព័ន្ធខ្មែរហែលទឹកប្រកាសបើកឱ្យមហាជនហែលទឹកឥតគិតថ្លៃ នៅពហុកីឡដ្ឋាន មរតកតេជោ និងអាងតេជោសែន ខេត្តកំពង់ចាម

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ — សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជាសាធារណៈថា ចាប់ពីថ្ងៃសៅរ៍ ទី៦ ខែ​កក្កដា ឆ្នាំ២០១៩ ខាងមុខតទៅ សហព័ន្ធនឹងបើកឱ្យមហាជនចូលរួម​ហែលទឹកដោយឥតគិត ថ្លៃ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ និងនៅអាងហែលទឹក តេជោសែន ខេត្តកំពង់ចាម ដើម្បីអបអរសាទរទិវា​ហែលទឹក​អន្តរជាតិ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងថា ទិវាហែល​ទឹកអន្តរជាតិនេះ ត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹកតែងតែរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោល​បំណងចង់ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ចូលរួមរៀនឱ្យចេះហែលទឹក ដើម្បីការការពារខ្លួន ការ​ធ្វើដំណើរតាមផ្លូវទឹក។ មួយវិញទៀត លោកចង់បំផុស ស្មារតីឲ្យមហាជនទូទៅឱ្យបានជ្រួត​ជ្រៀបពីវិស័យកីឡាហែលទឹក ក្នុងគោលដៅស្រឡាញ់ និងគាំទ្រដល់ដំណើរ ការនៃការ​អភិវឌ្ឍ​វិស័យកីឡាហែលទឹកឈានឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ី​អាគ្នេហ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណចក្រកម្ពុជា។

នៅក្នុងទិវាហែលទឹកអន្តរជាតិ ឆ្នាំ២០១៩នេះ សហព័ន្ធខ្មែរកីឡាហែលទឹក​នឹងរៀបចំឱ្យ​មានកីឡាករ កីឡាការិនីចូលរួមប្រមាណ១០០នាក់ នៅអាងហែលទឹកទាំងពីរ គឺពហុកីឡដ្ឋាន​ជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនៅអាងហែលទឹកតេជោសែន ខេត្តកំពង់ចាម៕

ដោយ ហេង ណាលីន