ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាជួបគ្រោះរញ្ជួយដីខ្លាំងបំផុតដែលមិនធ្លាប់មាន

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

គ្រោះរញ្ជួយដីយ៉ាងខ្លាំងបំផុតបានវាយប្រហារទៅលើរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង ដែលមានកំរិតរញ្ជួយរហូតដល់ទៅ៦,៤រិចទ័រ ស្ថិតនៅក្បែរទីក្រុង Ridgecrest ចម្ងាយប្រហែល ២៤០ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Los Angeles ត្រូវចំថ្ងៃទី០៤ខែកក្កដាដែលទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ។ គ្រោះរញ្ជួយដីខ្លាំងបំផុតនេះមិនធ្លាប់មាន ក្នុងរយៈពេល២ទសវត្សរ៍មកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ថ្ងៃទី០៥ខែកក្កដានេះ។
ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ពួកគេកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងដោះស្រាយបញ្ហាអគ្គីភ័យនៅជុំវិញទីក្រុង។
លោក Brad Alexander អ្នកនាំពាក្យការិយាល័យសេវាសង្គ្រោះបន្ទាន់របស់រដ្ឋកាលីហ្វ័រនីញ៉ាបាននិយាយថាក្រុមពន្លត់អគ្គីភ័យ និងក្រុមជួយសង្គ្រោះបានកំពុងជួយសង្គ្រោះនៅតំបន់ Ridgecrest ដែលគាត់ជឿជាក់ថាមានអគារមួយចំនួនកំពុងឆេះខណះលោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយតាមសារTwitterថាស្ថានការណ៍នេះស្ថិតនៅក្រោមការគ្រប់គ្រងបាន។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាម៉េរិក (USGS) បានឱ្យដឹងថា យ៉ាងហោចណាស់មានការរញ្ជួយតូចៗចំនួន ១៥៩លើក ដែលមានកម្លាំងពី ២,៥ រឺច្រើន ជាងនេះត្រូវបានកត់ត្រាបន្ទាប់ពីការរញ្ជួយដី៦,៤រិចទ័រ៕ ប្រភព៖ BBC