សេចក្តីព្រាងច្បាប់ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ​ដើម្បីបង្ការទប់​ស្កាត់ការ​នេសាទខុសច្បាប់ នឹងត្រូវដាក់ពិភាក្សាក្នុងសម័យប្រជុំព្រឹទ្ធសភា នាសប្ដាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានអះអាងថា សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មាន របាយ​ការណ៍ និងគ្មានការអនុញ្ញាត​ ត្រូវបានសម្រេចដាក់ចូលទៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍​ព្រឹទ្ធសភា និងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៣ ព្រឹទ្ធសភា នាសប្ដាហ៍ក្រោយនេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យរាជរដ្ឋាភិបាល ក្នុងឱកាសដឹកនាំគណ:ប្រតិភូ​ក្រសួងកសិកម្ម ចូលរួម​ការពារសេចក្តីព្រាងច្បាប់ស្តីពី “វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុប​បំបាត់​ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU” ជាមួយគណ:កម្មការទី០៣ ព្រឹទ្ធសភា ដែលមានការអញ្ជើញ​ចូលរួមពី​ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី០៣ នៃព្រឹទ្ធសភា កាលពីព្រឹកថ្ងៃ​ទី០៥ ខែកក្កដា ឆ្នាំ២០១៩។  ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាល​ជ្រៅជូន​ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យដាក់​សេចក្តី​ព្រាងច្បាប់នេះឆ្លងគណ:កម្មការទី០៣ ព្រឹទ្ធសភានាពេលនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាប​ជូន​អង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះមានគោលបំណង ប្រើប្រាស់យន្តការច្បាប់ ដើម្បី​លុប​បំបាត់ IUU តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឱ្យមានប្រសិទ្ធភាព ធានាបាននូវ​ការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆាជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ឱ្យមានចីរភាព ​និង​និរន្តរភាព។  ទន្ទឹមនេះ ចូលរួមទប់ស្កាត់ និងចាត់វិធានការផលនេសាទដែលទទួលបានពី IUU ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ ឯកឧត្តមបានបន្ដថា កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវ​បានអនុម័តដោយសន្និសីទអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយបានចូលជាធរមាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦កន្លងមក។ បច្ចុប្បន្ន មាន៦០ ប្រទេសរួមទាំងសហភាពអឺរ៉ុបបានចូលរួមជាភាគីអនុវត្តន៍កិច្ចព្រម ព្រៀង នេះ ក្នុងនោះប្រទេសជាសមាជិកអាស៊ានចំនួន៥ រួមមាន មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាមក៏ជាសមាជិកផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា កិច្ចព្រម​ព្រៀងច្បាប់នេះគឺជាឯកសារ គតិយុត្តដ៏សំខាន់តែមួយគត់ដែលមានគោលបំណងប្រយុទ្ធ ប្រឆាំង IUU។ កិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្រេច យល់ព្រមបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន៣មាត្រា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ និងបានអនុម័តដោយរដ្ឋសភាពកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នា​ដើមសប្តាហ៍កន្លងមកនេះ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា តាមរយ:កិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាន​ផល​ប្រយោជន៍សំខាន់ៗ លើកកម្ពស់ការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំង IUU ស្តារទំនុកចិត្តក្នុង​ការ​ប្រើ​ទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាព ក្នុងអភិបាលកិច្ច​ជល​ផល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញ​កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង IUU សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិត​ខំប្រឹង​ប្រែងរបស់​កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU។ ឯកឧត្ដមបានលើកឡើងទៀតថា កម្ពុជា​នឹងទទួល​បាន​ការ​គាំទ្រ ផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែម​ដើម្បីឆ្លើយ​តបនឹង IUU និងជាពិសេសអាចឱ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រោយពីបានពិនិត្យ និងពិភាក្សាយ៉ាងលម្អិតទៅលើទម្រង់រដ្ឋបាល ខ្លឹមសារច្បាប់ អត្ថប្រយោជន៍ ជាពិសេសឆន្ទ:របស់ក្រសួងកសិកម្ម ដែលចង់បង្កើតច្បាប់នេះ អង្គប្រជុំ​បានសម្រេចដាក់ចូលសេចក្តីព្រាងច្បាប់នេះទៅក្នុងកិច្ចប្រជុំអចិន្ត្រៃយព្រឹទ្ធសភា នៅ ថ្ងៃ​ចន្ទ ទី០៨ ខែកក្កដា និងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៣ នៃព្រឹទ្ធសភា​នៅថ្ងៃ​ទី១១ ខែកក្កដា នាសប្តាហ៍ក្រោយ៕

ដោយ ឡុង ស៊ីវ៉ាន់