អភិបាលខេត្តមណ្ឌលគិរី ប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអូររាំង

AKP មណ្ឌលគិរី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកអូររាំង ខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល ស្រុកអូររាំង ដែលពិធីនេះមានការចូលរួមពីប្រជាពលរដ្ឋ និង មន្ត្រីរាជការជាច្រើនរូបផងដែរ ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានស្នើដល់លោកអភិបាលស្រុកថ្មី រួមទាំងសមត្ថកិច្ច និងប្រធានសហគមន៍ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឱ្យខានតែបាន ហើយបើមន្រ្តី និងសមត្ថកិច្ចណាដែលជាប់ពាក់ព័ន្ធ នឹងការឃុបឃិតយកដីសហគមន៍ទៅលក់ឱ្យឈ្មួញ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះ ក៏សូមឱ្យអភិបាលស្រុកថ្មី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់នានាជូនពលរដ្ឋ និងត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានទ្វេដង ទាំងសេវាតម្រូវការ និងសេវាសាធារណៈនានា ឱ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើអាជ្ញាធរផងដែរ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ការចុះបញ្ជីដីសហគមន៍ គឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់ទីតាំង ទំហំដីឱ្យបានច្បាស់លាស់ នឹងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។ សហគមន៍នីមួយៗ ដែលបានខិតខំចុះបញ្ជីដីសហគមន៍នេះ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដីធ្លីសម្រាប់ប្រើប្រាស់ និងដើម្បីទុកជាប្រយោជន៍សមូហភាព ក្នុងការធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ និងរក្សាទុកឱ្យកូនចៅជំនាន់ក្រោយ។ ម្យ៉ាងទៀត ដីសហគមន៍ មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ ហើយបើបុគ្គលណាម្នាក់យកដីសហគមន៍នេះ ធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យឈ្មួញ គឺផ្ទុយនឹងលក្ខន្តិកៈនៃច្បាប់របស់សហគមន៍ ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់។

លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលទើបឡើងថ្មី បានប្តេជ្ញាចិត្តថា ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋាននានា បទបញ្ជាដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញ ពង្រឹងនូវសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមចំណែកអនុវត្តន៍រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងស្រុកប្រកបដោយចីរភាព ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបានឆាប់រហ័យ មានតម្លាភាព គុណភាព និងប្រសិទ្ធភាព ទប់ស្តាប់បង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងស្រុក ៕

ដោយណយ នឿន (ប្រភពៈរដ្ឋបាលខេត្តមណ្ឌលគិរី)