ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កោតសរសើរការរីកចម្រើនរបស់កម្ពុជា ជា​ពិសេសការធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានចាកចេញពីភាពក្រីក្រ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ —

លោកជំទាវមីឆែល បាឆេឡេ (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជា​ជា​តិ​ទទួលបន្ទុកសិទ្ធិមនុស្ស បានសម្ដែងនូវការកោតសសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូច​ជា​​ប្រទេ​សកម្ពុជាទាំងមូលលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដោយបានកត់សម្គាល់ការ​រីកចម្រើ​ន​​ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានចាកចេញពីភាពក្រីក្រ។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប​ន្ទា​​ប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ច​ក្រ​កម្ពុជា និងលោកជំទាវ Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួល​ប​ន្ទុ​​កសិទ្ធិមនុស្ស នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ លោ​ក​ជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែល​​បានអញ្ជើញមកថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គ​​ការ​សហប្រជាជាតិនេះ។ លោកជំទាវបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែល​បាន​មក​ការិយាល័យ ហើយលោកជំទាវបានមានប្រសាសន៍ថា ការិយាល័យរបស់លោកជំទាវ​នៅ​ឧត្ត​មស្នងការសិទ្ធិមនុស្សនេះ គឺជាការិយាល័យចាស់ជាងគេ។

ដោយផ្អែកទៅអនុស្សរណៈ​យោ​​គ​យល់​គ្នា លោកជំទាវក៏បានមានប្រសាសន៍ថា ឧត្តមស្នងការសិទ្ធិមនុស្សខាងអង្គ​កា​រ​ស​ហ​ប្រជាជាតិទទួលស្គាល់ ដឹងថាអ្វីដែល សម្ដេចតេជោ បានធ្វើ និងដឹកនាំប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម របស់ប្រជាពលរដ្ឋ។ លោកជំ​ទាវ​​បាន​គូស​បញ្ជាក់ផងដែរថា របាយការណ៍នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំនេះ នឹងចេញនៅ​ថ្ងៃ​ស្អែកនេះ ហើយលោកជំទាវក៏បានមានប្រសាសន៍ផងដែរថា លោកជំទាវបានឮថា ប្រ​ទេ​ស​កម្ពុ​ជាបានទទួលយកនៃអនុសាសន៍ជាច្រើន ដែលបានលើកឡើងកន្លងទៅនេះ។ លោកជំទា​វ​ក​ត់​​សម្គាល់​ថា ជាការល្អដែលយើងបានទទួល ហើយនឹងធ្វើការទៅលើរឿងនេះ។ ហើយការិ​យា​​ល័​យ​របស់លោកជំទាវ ត្រៀមក្នុងការជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសក្នុងការ​រៀបចំ និងការពិនិត្យមើលឡើងវិញ នៅពាក់កណ្ដាលអាណត្តិ នៃរបាយការណ៍នេះ។ លោ​​កជំទាវក៏បានកត់សម្គាល់ដែរថា កន្លងមកនេះកម្ពុជាពិតជាមានការរីកចម្រើនគ្រប់​ផ្នែកទាំង​អ​ស់  ហើយក៏ថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានទទួលយកនូវ​អនុសា​ស​​ន៍ជាច្រើន ជាពិសេសនៅក្នុងអនុសាសន៍នោះ នឹងឆ្លើយតបនឹងគាំទ្រដល់គោលដៅអភិវឌ្ឍ​ន៍​​យុទ្ធសាស្ដ្រ ហើយជាពិសេសទៀត គឺការពង្រឹងនីតិរដ្ឋផងដែរ។ លើសពីនេះទៀត គឺ​យើ​ង​ក៏​បាន​​ត្រៀមដែលហៅថា Agenda នៅឆ្នាំ២០៣០ ឬមួយរបៀបវារៈឆ្នាំ២០៣០នេះ  ដោយលោក​ជំ​ទាវ​រំពឹងផ្ដល់ការគាំទ្រ ទៅដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ពាក់ព័ន្ធជាមួយសិទ្ធិមនុស្សនៅកម្ពុជាថា  ពីដើមបើមើលទៅសម័យខ្មែរក្រហម គឺគ្មានសិទ្ធិអ្វីទាំងអស់ ហើយជាការពិតអ្វីដែល​កម្ពុ​ជា​​មានសព្វថ្ងៃនេះ មានបរិបូរណ៍ដោយសិទ្ធិនៅប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា  ឆ្នាំកន្លងទៅនេះយើងបានចុះកិច្ចព្រមព្រៀងជាមួយ​គ្នា​បន្ដអាណត្តិ នៃការិ​យា​ល័​យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រយៈពេល២ឆ្នាំ។ សម្ដេចបានគូសបញ្ជាក់ថា ដើម្បី​ចៀ​ស​​វាងការបារម្ភ យើងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះ រៀងរាល់ពីរឆ្នាំម្ដង ដើម្បីកុំឲ្យ​មាន​កង្វល់។ ពាក់ព័ន្ធនឹងការិយាល័យសិទ្ធិមនុស្ស ក៏ដូចជាពាក់ព័ន្ធនឹងតំណាងរបស់អគ្គ​លេ​ខា​​ធិកា​រនៃអង្គការសហប្រជាជាតិ សម្ដេចបានគូសបញ្ជាក់ថា មានតែឯកឧត្តម អគ្គលេខា​ធិ​ការ​នៃអង្គការសហប្រជាជាតិទេ ដែលមានសិទ្ធិក្នុងការជ្រើសរើសអ្នកណាជាតំណាង ដើម្បីធ្វើ​ការ​ងារជាមួយប្រទេសកម្ពុជា ដែលកន្លងមកនេះ ប្រទេសកម្ពុជាធ្លាប់​បានទទួល៦នាក់មក​ហើ​យ​។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា កម្ពុជាមិនដែលបដិសេធ ឬច្រើន​ចោ​ល​នៃ​​ការតែងតាំង នៃឯកអគ្គរាជទូត ឬការស្នើសុំតែងតាំង តំណាងរបស់អគ្គ​លេខាធិការនៃ​អង្គ​កា​រ​សហប្រជាជាតិឡើយ។កន្លងមកនេះ ក៏មានការស្នើសុំដោយខាងអង្គការសហប្រជាជាតិ ក្នុងការតែងតាំងចៅក្រមសម្រាប់សាលាក្ដីខ្មែរក្រហម ដែលខាងកម្ពុជាមិនដែលបដិសេធ​ការ​ស្នើ​តែងតាំងនោះឡើយ។

ប៉ុន្ដែសម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បានគូសបញ្ជាក់ដែរថា រាល់​ការ​ស្នើ​​សុំ​តែងតាំងទាំងអស់នេះ ដោយឯកឧត្តម អគ្គលេខាធិការឬមួយក៏ការងារអស់នេះ កម្ពុជា​អាច​ទទួលបានក្នុងពេលសម្ដេចនៅជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបើអ្នក​ក្រោ​យ​​ទៀតសម្ដេចមិនច្បាស់ទេ។ ចំពោះវេនទី៣នៃការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនេះ គឺ​ប្រទេសកម្ពុជាបានធ្វើការងារចប់សព្វគ្រប់ហើយ។ នេះជាគោលនយោបាយ និងជាវិន័យរប​ស់​កម្ពុជា​ផងដែរ។ សម្តេចតេជោបានលើកឡើងថា កន្លងមកនេះមានការលាបពណ៌ដល់​ប្រទេ​ស​កម្ពុជាដោយរូបភាពផ្សេងៗនោះ ប៉ុន្តែអ្វីដែលកម្ពុជានៅតែធ្វើ គឺការងារអភិវឌ្ឍន៍ ការប្រកា​ន់​ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជា  ដូចជាពេលថ្មីៗ​កន្ល​ង​ទៅនេះ បានផ្តល់សិទ្ធិអំណាចជាច្រើនដល់ស្ត្រី ហើយកន្លងទៅនេះក៏​បានជំរុញ​គាំពារ​ស​ង្គ​ម ​និងបានធ្វើសកម្មភាពដើម្បីជួយដល់ស្ត្រីដែលមានក្តីក្តាំ ដោយបានបង្កើត​ក្រុម​​មេធាវីត្រៀ​ម​​ជួយការពារក្តីជូនពួកគេដោយឥតគិតថ្លៃ។ សម្តេចតេជោបានបញ្ជាក់ថា បាន​បង្កើ​នថវិកាជា​តិស​ម្រាប់ក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងយុត្តិធម៌សម្រាប់ធ្វើការងារជួយ​ដ​ល់​​សំណុំរឿង​រប​ស់​ស្ត្រី ដែលខ្វះមេធាវី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្តេច​បាន​បង្កើតមូល​និ​ធិ​សម្តេចតេជោ ដើម្បីផ្តល់មេធាវីជួយការពារក្តីរបស់ស្ត្រីផងដែរ។សម្តេចតេជោ ហ៊ុ​ន សែន ក៏បានអញ្ជើញលោកជំទាវឧត្តមស្នងការ​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ទៅ​ទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាដ៏សមស្របណាមួយ។

លោកជំទាវឧត្តមស្នងការ​ទទួលប​ន្ទុ​កសិទ្ធិមនុស្ស បានមានប្រសាសន៍ឆ្លើយតបសម្តេចតេជោថា បច្ចុ​ប្បន្ននេះ​មានការ​ងារ​ជា​ច្រើ​ន​​ត្រូវយកចិត្តទុកដាក់ ក្នុងការ​លើកតម្កើងរួមមានទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ។​លោ​​កជំទាវ Michelle Bachelet ក៏បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​បា​ន​​ទទួ​ល​យកនូវ​អនុសា​សន៍ពីបណ្តារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ។ លោកជំទាវ បា​ន​​គូសបញ្ជាក់ថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សត្រៀមផ្តល់​កិច្ចសហប្រតិបត្តិកា​របច្ចេ​ក​​ទេសដល់រាជរដ្ឋាភិបាលកម្ពុជា បើសិនជា​មានតម្រូវការ។ លោកជំទាវឧត្តមស្នងការក៏បាន​បញ្ជាក់​ដែរ​​​ថានឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ៕

ដោយ ជឹម ណារី