គណៈកម្មាធិការបេតិកភណ្ឌពិភពលោក សរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការអភិរក្សប្រាសាទសំបូរព្រៃគុក

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានលើកសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះវឌ្ឍនភាព នៃការអភិរក្សនិងការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក ក្រោយពីបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១៧ កន្លងទៅ ។
សេចក្តីប្រកាសរបស់គណៈកម្មការបេតិភណ្ឌពិភពលោក នៅថ្ងៃទី០៤ ខែកក្កដានេះ បានឲ្យដឹងថា ស្ថាប័នកំពូលបី គឺ មជ្ឈមណ្ឌលបេតិភណ្ឌពិភពលោក , ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ប្រាសាទនិងរមណីយដ្ឋាន , និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាលើការថែទាំនិងជួសជុលសម្បត្តិវប្បធម៌ បានលើកសរសើរពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចការរីកចម្រើនក្នុងការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានសំបូរព្រៃគុក និងលើកទឹកចិត្តអោយបន្តកិច្ចការនេះក្នុងរយៈពេលយូរអង្វែងទៅមុខ ។
ស្ថាប័នអន្តរជាតិមួយនេះ បានលើកឡើងថា លទ្ធផលទាំងនេះ គឺជាការទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួម និងខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជានិច្ចជកាលតែងតែផ្ដល់អាទិភាពខ្ពស់ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ ។
សូមបញ្ជាក់ថា ការលើកសរសើរនេះ បានធ្វើឡើងក្នុងកំឡុង គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី ៤៣ របស់គណៈកម្មការបេតិភណ្ឌពិភពលោក នៅទីក្រុងបាគូ ប្រទេសអាស៊ៃបៃហ្សង់ ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៩៕