មន្ត្រីសេតវិមាននិយាយថាកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិន នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា អ្នកតំណាងកំពូលមកពីសហរដ្ឋអាមេរិកនិងចិនកំពុងរៀបចំបន្តការចរចានៅសប្តាហ៍ក្រោយដើម្បីព្យាយាមដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ។
លោក Larry Kudlow បានឲ្យដឹងទៀតថាភាគីអាមេរិកមានលោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិក និង លោក Steven Mnuchin លេខាធិការរតនាគារជាតិអាមេរិក ហើយសមភាគីចិនមានលោកឧបនាយករដ្ឋមន្រ្តី Liu He ។
ភាគីទាំងពីរបានទំនាក់ទំនងគ្នាតាមទូរស័ព្ទតាំងពីចុង សប្តាហ៍មុន នៅពេលដែលប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងប្រធានាធិបតីចិន លោកស៊ីជីនភីង បានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមឡើងវិញកិច្ចចរចាដែលបានជាប់គាំងនៅក្នុងខែឧសភា។ប៉ុន្តែអ្នកនាំពាក្យសេតវិមានរូបនេះមិនទាន់ ច្បាស់អំពីពេលវេលាកំណត់សម្រាប់ការចាប់ផ្តើមការចរចាទល់មុខគ្នានោះទេ ដោយក្រុម អ្នកចចារនឹងចាប់ផ្តើមទំនាក់ទំនងគ្នាតាមទូរសព្ទនៅពេលខាងមុខនេះ៕
ប្រភព៖ Reuters