មន្ទីរសុខាភិបាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះដាក់អាប៊ែត និងបាញ់ថ្នាំបំផ្លាញជម្រកមូសខ្លា ខណៈដែលជំងឺគ្រុនឈាមផ្ទុះឡើងជាង៩០០ករណី

AKP   ក្រចេះ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ — លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់ឱ្យ ដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ថា នៅឆ្នាំនេះជំងឺគ្រុនឈាមបានកើតឡើងយ៉ាងគំហុក នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងបានបង្កឱ្យមានមនុស្សស្លាប់មួយចំនួន មិនថាកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ឡើយ។ ដោយឡែកខេត្តក្រចេះ ករណីផ្ទុះជំងឺ គ្រុនឈាមមានចំនួនកើនឡើងច្រើនគួរឱ្យគត់សម្គាល់ ដោយមានអ្នកជំងឺចូលមកសម្រាកនៅ មន្ទីរពេទ្យបង្អែកខេត្ត គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មាន ចំនួន៩៣២ករណី ក្នុងនោះមានអ្នកជំងឺចំនួន៤នាក់ត្រូវបានស្លាប់។លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានជំរុញឱ្យមន្រ្តីរសុខាភិបាលបន្តចុះយុទ្ធនាការផ្សព្វផ្សាយ បាញ់ថ្នាំ និងដាក់អាប៊ែតតាម ទីតាំងដក់ទឹក ដែលជាកន្លែងបង្កជាសម្បុកមូសខ្លានៅតាមតំបន់ងាយរងគ្រោះ។  

លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី០៤ ខែកក្កដានេះ មន្ទីរសុខាភិបាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានចុះយុទ្ធនា ការដាក់អាប៊ែតតាមមូលដ្ឋានងាយរងគ្រោះបានចំនួន១៣ឃុំ ស្មើនឹង៦៥ភូមិ  និងមានចំនួន ២១៩០៧ខ្នងផ្ទះ អស់អាប៊ែតចំនួន៣តោន បាញ់ថ្នាំកម្ចាត់មូសបាន ៦៨៧ខ្នងផ្ទះ នៃ៤ឃុំ សង្កាត់ និងអប់រំសុខភាពប្រជាជនបានចំនួន ៤៧២នាក់៕

ដោយ ជួន សុជាតិ