ក្រសួងយុត្តិធម៌បង្ហាញជំហរខិតខំដោះស្រាយសំណុំរឿងនៅតុលាការជូនពលរដ្ឋឲ្យបានលឿន

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ០៤ ០៧ ២០១៩

ភ្នំពេញ៖   ក្រសួងយុត្តិធម៌ បានបង្ហាញជំហរខិតខំដោះស្រាយសំណុំរឿងនៅតុលាការជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ដើម្បីបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ដោយសន្យាខិតខំជំរុញការដោះស្រាយសំណុំរឿងដែលប្តឹងដោយ​ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាំងកម្រិតព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។

ការបង្ហាញជំហរនេះ ធ្វើឡើងក្នុងការឆ្លើយបំភ្លឺផ្ទាល់មាត់នៅចំពោះមុខអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ តបតាមសំណើរបស់អ្នកតំណាងរាស្ត្រជាហត្ថលេខី បន្ទាប់ពីទទួលការអនុញ្ញាតពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលសុំឲ្យបំភ្លឺជុំវិញនីតិវិធីនៃដំណើរការនៅក្នុងប្រព័ន្ធតុលាការ និងភាពយឺតយ៉ាវនៃការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ភាពយឺតយ៉ាវនៃការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋក្នុងប្រព័ន្ធតុលាការ ដោយសារនៅក្នុងស្ថាប័នឯករាជ្យមួយនេះ មានរដ្ឋបាលចែកដាច់ពីគ្នាចំនួនពីរ គឺនាយកក្រឡាបញ្ជីតុលាការ និងនាយកក្រឡាបញ្ជីខាងអយ្យការ ដែលផ្តោតពិសេសចាត់ការសំណុំរឿងនីមួយៗដែលខ្លួនទទួលបន្ទុក ខណៈពុំទាន់មានរចនាសម្ព័ន្ធ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងការចុះបញ្ជី និងការថែរក្សាសំណុំរឿងរបស់ប្រជាពលរដ្ឋឲ្យមានភាពរលូន និងប្រសិទ្ធភាព។ ឯកឧត្តមបានបញ្ជាក់ថា នឹងខិតខំពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានា ឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនូវយន្តការវិន័យ និងយន្តការច្បាប់ផ្សេងៗទៀត។ ជាមួយគ្នានេះ ក៏បាននឹងកំពុងបំពាក់ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងគណនេយ្យសំណុំរឿងតាម ប្រព័ន្ធអេឡិចត្រូនិចនៅគ្រប់សាលាដំបូងរាជធានី-ខេត្ត ឲ្យបានរួចរាល់ទាំងអស់នៅក្នុងឆ្នាំនេះ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាតំណាងរបស់រាស្ត្រហត្ថលេខី បានស្នើឲ្យឯកឧត្តមរដ្ឋមន្ត្រី ពង្រឹងការអនុវត្តនីតិវិធីប្រព័ន្ធតុលាការ ក្នុងការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋឲ្យរក្សាឲ្យបាននូវគណនេយ្យភាព តម្លាភាព និងយុត្តិធម៌។

សូមបញ្ជាក់ថា ក្នុងការឆ្លើយបំភ្លឺជូនរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គ លើកទី២ នីតិកាលទី៦នេះ ក៏មានការសួរដេញដោលអំអ្នកតំណាងរាស្ត្រតាមមណ្ឌលនីមួយៗ លើដំណើរការរបស់ប្រព័ន្ធតុលាការ និងយុត្តិធម៌ ដូចជាភាពឯករាជ្យនៃតុលាការ  យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការការពារសិទ្ធិនិងសេរីភាពរបស់បុគ្គល ជាដើមនេះផងដែរ៕