រដ្ឋបាលខេត្តកំពង់ធំបើកកិច្ចប្រជុំប្រចាំត្រីមាសជាមួយអ្នកសារព័ត៌មាន

AKP កំពង់ធំ ថ្ងៃទី០៤ ខែកក្កដា ​ឆ្នាំ២០១៩ -រសៀលថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ   កក្កដា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្តកំពង់ធំបានបើកកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន ដើម្បីស្ដាប់នូវបញ្ហាប្រឈមមួយចំនួនរបស់អ្នកសារព័ត៌មាន ក្នុងការប្រកបរបរវិជ្ជាជីវៈយកព័ត៌មានយកមកដាក់លើតុ ជជែកគ្នាដើម្បីដោះស្រាយ និងស្ដាប់របាយការណ៍របស់ប្រធានមន្ទីរព័ត៌មានខេត្ត។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សុខ ហៃ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តផងដែរ។

ឯកឧត្តម សុខ ហៃ បានសំណូមពរសូមឱ្យអ្នកសារព័ត៌មានទាំងអស់អញ្ជើញចុះបញ្ជីអ្នកសារព័ត៌មាននៅមន្ទីរព័ត៌មានខេត្ត និងសូមឱ្យពង្រឹងវិជ្ជាជីវៈរបស់ខ្លួនតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ខិតខំស្វែងរកព័ត៌មានពិតមកចុះផ្សាយ។

ឯកឧត្តមក៏បានស្នើសុំឱ្យសាលាក្រុង ស្រុករួមសហការគ្នាជាមួយអ្នកសារព័ត៌មាន ចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនៃការដឹកនាំរបស់យើង៕

ដោយ ស៊ុម វណ្ណា