រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្ត

AKP មណ្ឌលគិរី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ថា ការផ្ទេរមុខដំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី គឺធ្វើឡើងបន្ទាប់បានធ្វើការសម្រេច សម័យប្រជុំពេញអង្គ ក្រុមប្រឹក្សាអង្គចៅក្រម លើកទី៣១ ហើយការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនាពេលនេះ ក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវការបង្កើន ពង្រឹងកិច្ចការងារឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានកោតសរសើរដល់លោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត ដែលបានបម្រើការងាររយៈពេលជិត១០ឆ្នាំមកនេះ ក្នុងការអនុវត្តការងារយ៉ាងសកម្មនៅសាលាដំបូងខេត្តមណ្ឌលគិរី ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

ឯកឧត្តម បានស្នើដល់ប្រធានសាលាដំបូងខេត្តថ្មី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អង្គចៅក្រម និងមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ឱ្យបានខ្ជប់ខ្ជួននូវសម្បជញ្ញៈ មនសិការ និងឧត្តមគតិខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ប្រកបដោយតម្លាភាព សាមគ្គីភាព និងយុត្តិធម៌ ស្របតាមច្បាប់ជូនសាធារណជន ដើម្បីធ្វើយ៉ាងណាឱ្យវិស័យយុត្តិធម៌កាន់ តែមានភាពល្អប្រសើរ។ ត្រូវគោរព ប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់នូវក្រមសីលធម៌ចៅក្រម ដែលក្រមសីលធម៌នេះជាត្រីវិស័យសម្រាប់ជូនអង្គចៅក្រម ព្រះរាជអាជ្ញាឱ្យក្លាយខ្លួនទៅជាច្បាប់ ដែលមានឧត្តមគតិខ្ពស់ ក្នុងគោលបំណងពង្រឹងនូវឯករាជ្យជាតិ សេចក្តីថ្លៃថ្លូរ នៃអង្គចៅក្រម ព្រះរាជអាជ្ញាក្នុងការអនុវត្តភារកិច្ចរបស់តុលាការ។ ត្រូវប្រកាន់នូវស្មារតីសហការគ្នា ក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដោយឈរលើស្មារតី នៃការគោរព និងយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងក្តីឱ្យបានត្រឹមត្រូវ និងចាត់ការឱ្យបានទាន់ពេលវេលា ស្របតាមច្បាប់បានកំណត់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំបន្ថែមដល់ប្រធានសាលាដំបូងខេត្ត ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវបន្តកិច្ចខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តន៍ការងារ ក្នុងនាមអនុវត្តន៍ច្បាប់ឱ្យបានល្អប្រសើរ ជាពិសេសដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត ទៅលើវិស័យយុត្តិធម៌ ក្នុងគោលដៅរួមចំណែក ការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការបំពេញតួនាទី ភារកិច្ច ប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងចៅក្រម ត្រូវធ្វើយ៉ាងណាឱ្យមានទំនុកចិត្តពីប្រជាពលរដ្ឋ ក្នុងការសម្រេចការកាត់ក្តីណាមួយ ត្រូវពិនិត្យ ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ ស្ថិតលើភាពយុត្តិធម៌ ឬកាត់ក្តីទាំងឡាយ ធ្វើយ៉ាងណាឱ្យការកាត់ក្តីនេះមានភាពត្រឹមត្រូវ ហើយអាចឱ្យគូរភាគីទំនាស់នេះ ទទួលយកបានទាំងសងខាង។

សូមបញ្ជាក់ថា ពិធីប្រកាស ផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងនោះ លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តព្រះវិហារ ត្រូវផ្ទេរមុខតំណែងឱ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសលោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវផ្ទេរមុខតំណែងទៅបម្រើការងារជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែងវិញ៕ ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)