ឯកឧត្ដម សេង ទៀង នាំយកថវិកាសម្តេចតេជោ និងសប្បុរសជន ជូនដល់គ្រួសារសពប្តីប្រពន្ធ ដែលស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ

AKP ក្រចេះ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នារសៀលថ្ងៃពុធ ២កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បាននាំយកថវិការបស់សម្តេចតេជោ និងថវិកាសប្បុរសជនទៅផ្តល់ជូនដល់គ្រួសារសពកម្មករប្តីប្រពន្ធ ដែលស្លាប់ក្នុងឧបទ្ទវហេតុ រលំបាក់អគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។

ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពប្តីប្រពន្ធនាពេលនោះគឺធ្វើឡើងនៅក្នុងធនាគារអេស៊ីលីដាក្រុងក្រចេះ និងមានអ្នកទទួលមរតកគឺកូនចំនួន៣នាក់ ដែលកូនម្នាក់ៗទទួលបាន សៀវភៅគណនី ចំនួន២ ប្រភេទ គឺគណនីប្រាក់រៀលមានថវិកាចំនួន ៣៣,៦៦៦,៦០០ រៀល  និងគណនីប្រាក់ដុល្លារមានទឹកប្រាក់ចំនួន ៥៥,២៨៦ ដុល្លារអាម៉េរិក។ សពប្តីប្រពន្ធ ដែលស្លាប់ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តព្រះសីហនុនោះ គឺ សពប្តីឈ្មោះ ទេព ណី អាយុ ៤៩ ឆ្នាំ សពប្រពន្ធឈ្មោះ ព្រុំ ដែន អាយុ ៤៦ ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៣នាក់ (ប្រុស១នាក់ ស្រី២នាក់) មានទីលំ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្ដម សេង ទៀង ជំនួយការ ផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានពាំនាំប្រសាសន៍ផ្ដាំផ្ញើដ៏ ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ជូនចំពោះក្រុមគ្រួសារសពជនរង គ្រោះទាំងពីរនាក់ប្តីប្រពន្ធនិងសូមចូលរួមរំលែក ទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយ ក្រុមគ្រួសារសព។

ឯកឧត្ដមបញ្ជាក់ថា ថវិកាដែលបាននាំយកមកប្រគល់ដល់ដៃកូនៗជនរងគ្រោះពេលនេះ គឺក្នុងនាមសប្បុសធម៌ដោយបានមកពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិពីសប្បុរជននានាដើម្បីជួយក្នុង នាមខ្មែរដូចគ្នាខ្មែរតែមួយឈាមជ័រតែមួយ។ ក្នុងនោះដែរឯកឧត្ដម សេង ទៀង ក៏បានសំណូមពរផ្ដាំផ្ញើក្រុមគ្រួសារសព ត្រូវរឹងប៉ឹងឡើងកុំអស់សង្ឃឹម ដើម្បីបន្តមុខ របរចិញ្ចឹមជីវិតតទៅមុខទៀតចៀសវាងប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម៕

ដោយ ជួន សុជាតិ