រដ្ឋមន្រ្តីក្រសួងកសិកម្មកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងភូមិចំនួនពីរ ស្ថិតនៅក្នុង ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចកំណត់ តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកក្នុងភូមិចំនួនពីររួមមាន ភូមិកំពង់សេរី និងភូមិសោយ ក្នុង ឃុំមាន នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការរីករាលដាលដល់ តំបន់ដទៃទៀតនៅកម្ពុជា។ នេះបើយោងតាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីប្រកាស ឯកឧត្តម វេង សាខុន បានបញ្ជាឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះនៅតំបន់ខាងលើនេះ ក្នុងនោះត្រូវបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះ ជំងឺទៅតាមវិធានការបសុព្យាបាល។ ជាមួយគ្នានេះ ត្រូវផ្អាកលើការទិញ ការលក់ និងការដឹក  ជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឱ្យ ផ្អាកជាបណ្តោះអាសន្នចំពោះការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូកសាច់ជ្រូក និង ផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះផងដែរ។

សូមជម្រាបជូនថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែ ជំងឺនេះបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការ​ខាត​យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះ​ឱ្យជាសះ​ស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់គឺកម្ទេចហ្វូង​ជ្រូកដែលទទួលរង​ផលប៉ះពាល់។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងជាលើកដំបូងក្នុងភូមិសោមកានិញ ឃុំ​សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីមានសត្វជ្រូកប្រហែល៤០០ក្បាល បានងាប់​កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខណៈជ្រូក១៩៣ក្បាលផ្សេងទៀត ត្រូវសម្លាប់ក្រោយ​រកឃើញ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕

ដោយ ចាន់ សុធីវង្ស