ក្រសួងពាណិជ្ជកម្ម ស្នើដល់អង្គការអន្តរជាតិនានាបន្តផ្តល់ជំនួយ ដើម្បីជួយគាំទ្រដល់វិស័យ ពាណិជ្ជកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៩ — ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អង្គការអន្តរជាតិ បន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយកាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ ប្រជាជនទាំងអស់គ្នា។ ដោយមានការអញ្ជើញរបស់លោកជំទាវ អារ៉ាញ់ឆា ហ្កន់ហ្សាឡេស (Arancha Gonzalez) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៥៣ (53rd Joint Advisory Group Meeting) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួង​ពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំនេះ មានការធ្វើសេចក្តីថ្លែងការណ៍​ដោយ​អគ្គទីប្រឹក្សាកូស្តារីកាជាប្រធាន​អង្គ​ប្រជុំ​ចាស់ អគ្គរដ្ឋទូតហ្វាំងឡង់ជាប្រធានអង្គប្រជុំថ្មី អគ្គនាយកនៃអង្គការពាណិជ្ជកម្ម​ពិភពលោក អគ្គលេខាធិការនៃអង្គការ UNCTAD នាយក​ប្រតិបត្តិនៃមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ អនុរដ្ឋមន្រ្តីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងប្រធាន​អង្គការអន្តរជាតិ និងឥស្សរជនជាន់​ខ្ពស់​ដទៃទៀតផងដែរ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​បានរាយការណ៍ពីសកម្មភាព​ពីឆ្នាំ​២០១៨ និងថ្លែងដោយផ្តោតសំខាន់លើទំនាក់ទំនង និងការ​រួមចំណែករបស់មជ្ឈមណ្ឌល​ពាណិជ្ជកម្មអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការ UNCTAD ក្នុងការជួយគាំទ្រ​ដល់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងទន់ខ្សោយ តាមរយៈការ​ផ្តល់គម្រោងជាច្រើន ដើម្បី​ជំរុញការអភិវឌ្ឍ និងជួយឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពក្នុង​ឆ្នាំ២០៣០។ អង្គការទាំងនេះ បានបញ្ជាក់ពីជំហរក្នុងការបន្តសកម្មភាព និង​គម្រោងនានា ក្នុងការ​បន្តជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយជំរុញការអភិវឌ្ឍ និងវិស័យពាណិជ្ជកម្ម តាមរយៈការផ្តល់អនុសាសន៍ និងការ​ផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញ​វត្ថុផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានធ្វើ​សេចក្តី​ថ្លែង​ការណ៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការ និងជំនួយដែលបាន​ផ្តល់ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជំនួយដូចជា ការចូលរួមគាំទ្រ​ការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាកន្លងមក ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងការជួយ​ដល់សហគ្រាសកម្ពុជាមួយចំនួនចូលរួមក្នុងពិព័រណ៍នាំចេញនាំចូលចិនលើកទី២ នៅទីក្រុង​សៀងហៃ ក្នុងឆ្នាំ២០១៩។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អង្គការអន្តរ​ជាតិ​ទាំងនេះបន្តផ្តល់ជំនួយ និងគម្រោងនានា ដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្មនៅ​កម្ពុជា ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលអាចបង្កើនចំណូល ជួយ​កាត់បន្ថយភាពក្រក្រី និងបង្កើតការងារ សម្រាប់ប្រជាជនទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម រ៉ូប៊ែតូ អាហ្សែវ៉េដូ (Roberto Azevedo) អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអគ្គនាយក បានពិភាក្សាពីភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធ​ពាណិជ្ជកម្ម ដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដោយក្នុងនោះរួមមានជំនួយសម្រាប់​ពាណិជ្ជកម្មផងដែរ៕

ដោយ ម៉ៅ ចរិយា