ក្រសួងអប់រំណែនាំឲ្យសាលាគោលដៅប្រឡងបាក់ឌុបទាំងអស់ធានាសុវត្ថិភាពដល់បេក្ខជន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៣ ០៧ ២០១៩៖

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់សាលារៀនដែលជាគោលដៅសម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា «បាក់ឌុប»ទាំងអស់ ត្រូវធានាសុវត្ថិភាពដល់បេក្ខជន ស្របពេលដែលក្រសួងនៅតែបន្តរឹតបន្តឹងការលួចចម្លង និងយកសំណៅឯកសារ ឬឧបករណ៍ផ្សេងចូលក្នុងបន្ទប់ប្រឡេង។


ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣ ខែកក្កដានេះ បានធ្វើការចុះពិនិត្យមណ្ឌលប្រឡង និងប្រជុំណែនាំដល់សាលាគោលដៅ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវធានាបានទាំងបរិស្ថានក្នុងសាលា បន្ទប់ប្រឡង តុ កៅអី ក្ដារខៀន ទ្វារបង្អួច បន្ទប់ទឹក កន្លែងផ្ញើកង់ម៉ូតូ និងសុវត្ថិភាពអគារ សម្រាប់សម័យប្រឡងនៅថ្ងៃទី១៩ សីហាខាងមុខនេះ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជា តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ក្នុងពេលឯកឧត្តម កំពុងបំពេញបេសកកម្មការងារនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣ ខែកក្កដានេះថា សំណើមណ្ឌលប្រឡងនាពេលខាងមុខនេះ មានសរុប២០២មណ្ឌល កើនឡើង៦មណ្ឌលប្រឡង បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០១៩នេះ មានបេក្ខជនដាក់ពាក្យសរុប១១៩.២១៧នាក់ ស្រី៦១.០៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៤៥.៤១៤នាក់ មានស្រី២៥ ៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម៧៣.៨០៣នាក់ ស្រី៣៥.៥៣៨នាក់។