រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ នៅចុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ នៅ​ចុងឆ្នាំ២០១៩នេះ ដែលជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តយុទ្ធសាស្រ្ត ការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដើម្បីបំពេញភាពគ្រប់ជ្រុងជ្រោយ និងភាពពេញលេញនៃ​ការកែ​ទម្រង់ប្រព័ន្ធថវិកាមួយ ដែលអាចគ្របដណ្តប់ទាំងថវិកាចរន្ត និងថវិកាមូលធន ទាំងនៅកម្រិត​ជាតិ និងថ្នាក់ក្រោមជាតិ។ ការថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “ការគ្រប់គ្រងការវិនិយោគសាធារណៈ” កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៩។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ការដាក់ចេញនូវអនុក្រឹត្យនេះអាចឆ្លើយតប​ទៅ​នឹង​ការរៀបចំក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងការពង្រឹងថែមទៀតនូវសមាហរណកម្ម​ថវិកាពីគ្រប់ប្រភពទាំងមកពីប្រភពថវិកាជាតិ ដៃគូអភិវឌ្ឍន៍ និងតាមរយៈយន្តការ​ភាពជាដៃ​គូ​រវាងរដ្ឋនិងឯកជន(PPP)ផងដែរ។ ឯកឧត្តមបានរម្លឹកថា “ថ្វីត្បិតកន្លងមក យើងបានដាក់​ចេញ​នូវ​លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍មួយចំនួនជាបន្តបន្ទាប់សម្រាប់គ្រប់គ្រងការអភិ​វឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្តីក៏ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយជាពិសេសនៅក្នុងបរិការណ៍បច្ចុប្បន្ន។ ដូចនេះយើងមានភាពចាំបាច់ និងបន្ទាន់ក្នុងការរៀបចំប្រព័ន្ធនេះឡើងវិញ តាម រយៈការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងការវិនិយោគសាធារណៈ ឱ្យកាន់តែប្រសើរឡើងស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងតំបន់ សំដៅធានាឱ្យ បាននូវ​ប្រសិទ្ធភាព និងចីរភាពនៃការវិនិយោគ ទាំងគម្រោងអភិវឌ្ឍន៍ និងទាំងថវិកា។” ឯកឧត្តម បានបន្តថា ទោះបីរដ្ឋាភិបាលមិនទាន់មានក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងការវិនិ យោគសាធារណៈក្តី ក៏ប៉ុន្តែកន្លងមកនេះ ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងការវិនិយោគសាធារណៈ ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជា សេនាធិការបានធ្វើឱ្យការវិនិយោគសាធារណៈទោះបីនៅមានទំហំតូចបានដើរតួសំខាន់ក្នុង ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រក៏ដូចជាការអភិវឌ្ឍប្រទេសទាំងមូល។

ឯកឧត្ដមបានបន្ថែមថា “ជាក់ស្តែង យើងបានឃើញហើយថា កំណើនសេដ្ឋកិច្ចរបស់​កម្ពុជាក្នុងរយៈពេលជាង២០ឆ្នាំនេះ មានកំណើន៧.៧ភាគរយ ក្នុងមួយឆ្នាំជាមធ្យម ក្នុងនោះ ការ​វិនិយោគរបស់ជាតិទាំងមូល រួមទាំងការវិនិយោគផ្ទាល់ពីបរទេសផង មានមិនដល់​ប្រមាណ៣០ភាគរយទេ ដែលនេះជាការបញ្ជាក់ឱ្យឃើញថា ការប្រើប្រាស់ធនធានរបស់យើង​ មាន​ប្រសិទ្ធភាព”។ ទន្ទឹមនេះ បើយើងក្រឡេកមើលប្រទេសដទៃទៀត គេវិនិយោគប្រមាណពី ៤០ភាគរយ ទៅ៥០ភាគរយ ជាធនធានជាតិ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ច ៧ភាគរយ​ហើយពេលខ្លះទៀតថែមទាំងមិនអាចសម្រេចបានគោលដៅនេះផង។

តែទោះបីជាយ៉ាងនេះក្តី ឯកឧត្ដមរដ្ឋមន្រ្ដីស្ដីទីបានអះអាងថា កម្ពុជានៅមិនទាន់ត្រេក​ត្រអាលនឹងលទ្ធផលនេះទេ ហើយយើងនៅតែគិតថា យើងនៅមានភាពខ្វះខាតនៅឡើយ ទាំងជាយន្តការស្ថាប័ន ច្បាប់ និងធនធានមនុស្ស ព្រោះតម្រូវការវិនិយោគកាន់តែធំទៅៗ ហើយ​វិវត្តន៍កាន់តែស្មុគស្មាញថែមទៀត ជាពិសេសគម្រោងវិនិយោគដែលមានទឹកប្រាក់ធំៗ។ ដូច្នេះ ការគ្រប់គ្រងការវិនិយោគសាធារណៈពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាន​នូវប្រសិទ្ធភាពនៃការប្រើប្រាស់ និងការបែងចែកធនធាន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានចីរភាព៕

ដោយ គង់ សិរីរ័ត្ន