រដ្ឋសភា នឹងសួរនាំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងតួនាទី និងបញ្ហាមួយចំនួន នៅថ្ងៃស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ -គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី០៤ ខែកក្កដា បើកសម័យប្រជុំពេញ​អង្គរដ្ឋសភា នីតិកាលទី៦ ដើម្បីសួរដេញដោលឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិ  ធម៌ ឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធនឹងអ្នកជាប់ពន្ធនាគារនិងបញ្ហាមួយចំនួនទៀត។ ការកំណត់សួរ​ដេញ ដោលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំពិនិត្យសំណើសុំអញ្ជើញ ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកឆ្លើយសំណួរ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ តាមរយៈការស្នើសុំរបស់ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុម​តំណាងរាស្ត្រទី៦ នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នាព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានឱ្យ​ដឹងថា តាមរដ្ឋធម្មនុញ្ញ​សមាជិកសភាអាចអញ្ជើញរដ្ឋមន្ត្រី​មកធ្វើការសួរដេញដោល​នៅក្នុង​សម័យប្រជុំរដ្ឋសភា  ហើយតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភាគឺកំណត់យកថ្ងៃទី០៤ ខែកក្កដា ដើម្បី សួរដេញដោលឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ឯកឧត្ដមបាន​គូស​បញ្ជាក់ថា “អ្នកតំណាងរាស្ត្រ ក៏ដូចជាប្រជាពលរដ្ឋយើង បានដឹងថានៅក្នុងកាលៈទេសៈនេះ វិស័យយុត្តិធម៌កំពុងតែកែមុខមាត់ រូបភាពទៅតាមការកែទម្រង់ យុទ្ធសាស្ត្រចកុកោណរបស់ រាជ​រដ្ឋាភិបាល ដែលគិតថាត្រូវផ្តល់យុត្តិធម៌ដល់សង្គមឱ្យបានខ្លាំងបន្ថែមទៀត អញ្ចឹងហើយ​វិស័យយុត្តិធម៌នេះវិវត្តន៍លឿនណាស់”។ ឯកឧត្ដមបានលើកឡើងថា អ្វីដែលអ្នកតំណាងរាស្ត្រ សួរនាំឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះ គឺពាក់ព័ន្ធការងារជាច្រើនដែលក្រសួងយុត្តិធម៌ កំពុងដំណើរការទៅមុខ និងធ្វើយ៉ាងណាទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ បំពេញតម្រូវការដល់ ប្រជា​ពលរដ្ឋដល់កម្រិតណា និងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។

ឯកឧត្ដមបន្ថែមថា “យើងអញ្ជើញរដ្ឋមន្ត្រីមក គឺយើងដាក់ជាសំណួរឯកសារ លិខិត រាល់​សំណួរទាំងអស់យើងដាក់ក្នុងនឹង ក៏ប៉ុន្តែយើងមិនអាចចប់ត្រឹមនឹងទេ គឺនៅពេលរដ្ឋ មន្ត្រីបកស្រាយ ហើយអ្នកតំណាងរាស្ត្រយល់ថា នៅមានខ្វះចន្លោះ ប្រធានរដ្ឋសភា មានសិទ្ធិ ផ្តល់ការសួរចេញដោលបន្ត ឬមិនផ្តល់សិទ្ធិក្នុងការសួរបន្ត។ បើប្រធានផ្តល់នោះនឹង មានការ តស៊ូមតិគ្នា។”

ជាមួយគ្នានេះដែរ ឯកឧត្ដមបានអះអាងថា ថ្វីត្បិតរដ្ឋសភា មានតែសភាមកពីគណ​បក្សតែ​មួយ ទោះបីមានបក្សច្រើនចូលរួមបោះឆ្នោតក្តី ក៏យើងនៅតែគិតផងដែរថា មិនមែនជិះសេះ​លែងដៃនោះទេ។  ទន្ទឹមនេះ ក្នុង១ឆ្នាំកន្លងមកនេះ យើងបានរៀបចំការងាររដ្ឋសភាឡើងវិញ ព្រោះការងាររដ្ឋសភាផ្លាស់ប្តូរតាមអាណត្តិនីមួយៗ ហើយអាណត្តិថ្មីនេះ យើងលំបាកជាង អាណត្តិមុនដោយសារតែរចនាសម្ព័ន្ធអាណត្តិមុនៗ ការងារបែងចែកផ្សេងៗ គឺយើងទៅតាម​កៅអីដែលមាននៅក្នុងរដ្ឋសភា។ តែពេលនេះ យើងមានតែគណបក្សប្រជាជនកម្ពុជា​យើង​បានពង្រឹងដើម្បីរបបគ្រប់គ្រងស្របតាមច្បាប់។

តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្ដម ឈាង វុន បានបន្ថែមទៀតថា រដ្ឋសភាអាច​នឹង​កោះហៅរដ្ឋមន្ត្រីផ្សេងៗទៀត ដើម្បីមកសួរនាំក្នុងរយៈពេល១សប្ដាហ៍ ឬ២សប្តាហ៍ម្តង​ផងដែរ៕

ដោយ ប៊ុនរិទ្ធ