មន្ទីរបរិស្ថានខេត្តព្រះវិហារបានសហការជាមួយអង្គការ(WCS)ដើម្បីបង្កើនការអភិរក្សសត្វទោចម្កុដដែលកំពុងរស់នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ លោក​ វ៉ែន​ វុទ្ធី​៖


មន្ទីរបរិស្ថានខេត្តព្រះវិហារបានសហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃហៅកាត់ថា (WCS)ដើម្បីបង្កើនការអភិរក្សសត្វទោចម្កុដដែលកំពុងរស់នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងកុំឲ្យរងការគម្រាមកំហែងពីការបរបាញ់។


លោក អ៊ា សុខា ប្រធានមន្ទីរបរិសា្ថនខេត្តព្រះវិហារបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រុមការងារជំនាញកំពុងតែតាមដានពីការរស់នៅរបស់សត្វទោចម្កុដក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដើម្បីរកយន្តការផ្សេងៗទៀតការពារប្រភេទសត្វកម្រនេះឲ្យបានល្អប្រសើរ ខណៈសត្វទោចម្កុដនេះ ជាប្រភេទថនិសត្វដែលទទួលការគម្រាមកំហែងជិតផុតពូជជាសកល។
លោកបានបន្តថា ការសិក្សានេះក៏បានតាមដានអំពីអត្រានៃការរស់នៅ និងបង្កកំណើតរបស់សត្វទោចម្កុដ ហើយសង្ឃឹមថារយៈពេលដល់ខ្លីខាងមុននេះ ក្រុមការងារអាចដឹងពីលទ្ធផលថាវាមានចំនួនកើន ឬក៏ថយចុះក្នុងដែនជម្រកធម្មជាតិ។
លោកបានបន្ថែមថា មន្ទីរបរិស្ថានក៏បានធ្វើការអប់រំផ្សព្វផ្សាយស្តីពី ការអភិរក្សសត្វទោចម្កុដ នៅតាមសាលារៀន និងតាមសហគមន៍ដើម្បីលើកទឹកដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋទូទៅអោយចូលរួមការពារចំពោះសត្វកម្រមួយនេះឲ្យបានគង់វង្សផងដែរ។
(សំឡេង)ទីមួយយើងបានសហការជាមួយWCSទៅផ្សព្វផ្សាយទៅដល់ប្រជាប្រពលរដ្ឋនិងសិស្សានុសិស្សឲ្យយល់ពីសារៈសំខាន់ពីសត្វទោចម្កុដហើយនិងទីជម្រករបស់វាយើងធ្វើផ្សព្វផ្សាយពីសារៈសំខាន់សត្វទោចម្កុដនិងដោយសារវាមានវត្តមាននៅភ្នំត្បែងនិងហើយយើងចង់ឲ្យប្រជាពលរដ្ឋធ្វើការអភិរក្សសត្វ ក៏ដូចជាទីជម្រកពួកវាពីព្រោះសត្វទោចម្កុដ វាត្រូវការព្រៃស្រោងព្រៃធំៗបន្ទាប់ពីយើងបានធ្វើការអប់រំផ្សព្វផ្សាយបង្ហាញវីឌីអូទៅពួកគាត់នូវអ្វីដែលយើងស្រាវជ្រាវឃើញវត្តមានវានៅលើភ្នំត្បែងទីមួយគាត់មានការសប្បាយចិត្តដែលមានវត្តមានវាហើយគាត់ប្តេជ្ញាថានិងជួយការពារវា។
សូមបញ្ជាក់ថា សត្វទោចម្កុដនេះ ជាប្រភេទសត្វដែលទទួលការគម្រាមកំហែងជិតផុតពូជជាសកល ហើយវាមានវត្តនៅក្នុងប្រទេសកម្ពុជា ឡាវ និង ថៃ ហើយគេអាចឃើញវានៅតំបន់ព្រៃស្រោង និងពាក់កណ្តាលព្រៃស្រោង ៕