មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដកហូត ទំនិញ ចម្រុះសរុបចំនួន៣០គីឡូក្រាម យកទៅបំផ្លាញចោល

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្ត ស្ទឹងត្រែង

មន្ត្រីជំនាញផ្នែកត្រួតពិនិត្យចំណីអាហារបានដកហូតយកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះសរុបចំនួន៣០គីឡូក្រាម យកទៅបំផ្លាញចោល បន្តាប់ពីបានចុះពិនិត្យចំណីអាហារនៅ តំបន់មុំបីអូរពងមាន់(ក្រចេះ -ស្ទឹងត្រែង- រតនគីរី-)កាលពីថ្ងៃទី០២កក្កដាឆ្នាំ២០១៩ ។


លោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាវិធានការ ថែរក្សារសុខភាពសាធារណៈ ហើយបងប្អូនអាជីវករត្រូវបង្កើនការត្រួតពិនិត្យទំនិញនាំចូលនិងរៀបចំកន្លែងដាក់លក់ទំនិញឱ្យបានត្រឹមត្រូវ តាមមន្ត្រីជំនាញបានណែនាំ។

លោកថា៖នៅតំបន់មុំបីនេះជាទីប្រជុំជនរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរទៅមកតែង ឈប់សំចតបរិភោគនិងទិញចំណីអាហារ សព្វបែបយ៉ាងទៅផ្ញើ សាច់ញាតិ បងប្អូន កូន ចៅ ដូចនេះការត្រួតពិនិត្យមន្ត្រីជំនាញត្រូវធ្វើយ៉ាងមាត់ចត់បំផុត។
សម្លេង៖ក្រោយពីពិនិត្យឃើញថាខូចគុណភាព យើងមានតែវិធានការដកហូតទេ អត់មានត្រូវអីទុកឲ្យគាត់លក់ ទំនិញនេះទៀតទេ ព្រោះកាលណាទុកឲ្យគាត់លក់ទៀត គឺអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ដែលឆ្លងកាត់ ខេត្តស្ទឹងត្រែង ចេញចូល ក្រចេះ រតនៈគីរី និងមណ្ឌកគីរី ។
លោកស្រី កែវ ចន្ធូ អាជីវករលក់ចំណីអាហារនៅចំណុចតំបន់មុំ៣ អូរពងមាន់បានគាំទ្រចំពោះវិធានការដ៍ម៉ឺងមាត់នេះ ព្រោះយើងអាចជួយថែរក្សាសុខភាពអ្នកបរិភោគបានដោយសុវត្ថិភាព។ លោកស្រីបានស្នើឲ្យម្ចាស់ក្រុមហ៊ុនសហគ្រាសផលិតចំណីអាហារត្រូវបង្កើនគុណភាព អនាម័យ រស់ជាតិធ្វើយ៉ាងណាឲ្យអ្នកបរិភោគ និយមគាំទ្រ ។
លោក កក វិសុះភ្ញៀវទេសចរមកពីខេត្តត្បូងឃ្មុំបានគាំទ្រចំពោះការលើកឡើងនេះព្រោះកន្លងមកនៅតំបន់នេះធ្លាប់មានភ្ញៀវទេសចរទិញចំណីអាហារ និងផ្លែឈើខ្លះល្អតែសំបកក្រៅ យកទៅបរិភោគមិនកើត ធ្វើឱ្យភ្ញៀវអាក់អន់ចិត្ត។លោកសាទរ ចំពោះការភ្ញាក់រលឹកចូលរួមទាំងអស់គ្នា ប្រសិនអ្នកលក់បានប្រុងប្រយ័ត្ន មន្ត្រីជំនាញឧស្សាហ៍ចុះត្រួតពិនិត្យ ភ្ញៀវទេសចរចេះមើលស្លាកសញ្ញាបានត្រឹមត្រូវយើងនិងចៀសផុតពីការគ្រោះថ្នាក់ដែលបណ្តាលមកពីចំណីអាហារ។
សូមបញ្ជាក់ថា៖ នេះជាលើកទីពីរហើយ នៅឆ្នាំ២០១៩នេះដែលមន្ត្រីសាខាកាំកុងត្រូលនិងមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មចុះ ពិនិត្យចំណីអាហារនៅទីប្រជុំជន តំបន់ទេសចរណ៍មួយនេះនិងដកហូតបានចំណីអាហារខូចគុណភាពសរុប៣០គីឡូក្រាមយកមកបំផ្លាញចោល៕