ក្រសួងយុត្តិធម៌នាំយកគ្រឿងញៀនមកពីខេត្តចំនួន៥មកដុតបំផ្លាញនៅមុខមហាជននៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានបង្ហាញថាគ្រឿងញៀននិងថ្នាំញៀន នៅតែជាបញ្ហាប្រឈម របស់ពិភពលោក ព្រោះវាបានជះឥទ្ធិពលជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់នឹងការអភិវឌ្ឍន៍សង្គមរបស់ប្រជាជាតិនិមួយៗ ដោយសារការផលិតនិងការជួញដូរថ្នាំញៀន កាន់តែរីកសាយខ្លាំង ឡើងៗ។
ក្នុងពិធីដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសាលដីការសម្រេចរបស់សាលាដំបូងខេត្តទាំង៥នៅភូមិភាគឥសាន ថ្ងៃទី០២កក្កដាឆ្នាំ២០១៩ ឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសថា៖ទាំងនេះវាបង្កបញ្ហារងគ្រោះយ៉ាងធ្ងន់ធ្ងរប្រសិនជាប្រទេសនិមួយៗឬយើងមិនបានយកចិត្តទុកដាក់ធ្វើសកម្មភាពបង្ត្រាបការជួញដូរ- ការរក្សារទុក- ការចែកចាយ-នឹងការប្រើប្រាស់ថ្នាំញៀននោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា៖យើងដឹងការពិតថាគ្រឿងញៀនវាបានបំផ្លាញជីវិត នឹងធ្វើឲ្យយើងខាតបង់គ្រប់យ៉ាង ដូចនេះយើងត្រូវតែនាំគ្នាព្យាយាម រូមគ្នាលប់បំបាត់គ្រឿងញៀនថ្នាំញៀន នេះឲ្យអស់តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យប្រទេសជាតិនឹងប្រជាជនយើងមានសុខមាលភាពដូចសកម្មភាពដុតបំផ្លា្ញពេលនេះ។
លោកសាន ខាំផៃ ប្រជាពលរដ្ឋនៅភូមិសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងបានទទួល
ស្គាល់ថា៖ការគិតគូរដ៍វែងឆ្ងាយនេះវាជាចំណែកមួយយ៉ាងសំខាន់ពីព្រោះកន្លងមកសមត្ថកិច្ចតែងធ្វើសកម្មភាពបង្កា-បង្ក្រាប-ទប់ស្កាត់នឹងផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការគ្រោះថ្នាក់នៃគ្រឿងញៀនទាំងនេះ។លោកថាសកម្មភាពដុតកំទេចចោលបន្ថែមទៀតនេះពិតជាបានបង្ហាញឲ្យឃើញនៅចំពោះមុខមហាជនទាំងអស់គ្នា ហើយទិដ្ឋភាពនេះមានប្រយោជន៍ធ្វើឲ្យយុវជននទាំងអស់យល់ដឹងនឹងនាំគ្នានូវឆ្ងាយពីគ្រឿងញៀន។
លោកយ៉ង សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ការយល់ដឹងនេះពិតជាបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនបានដាក់ចេញនូវផែនការសកម្មភាពសំរាប់ការអនុវត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយភូមិ ឃុំក្លាយជាភូមិស គ្មានគ្រឿងញៀន។
លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ផែនការនេះកំលាំងសមត្ថកិច្ចនឹងផ្នែកជំនាញពាក់ពន្ធ័នឹងបង្កើនសកម្មភាពបង្ក្រាបឲ្យបានសកម្មថែមទៀតដើម្បីធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែទទួលបានជោគជ័យ។លោកបញ្ជាក់ថា៖នេះជាលើកទី៣ហើយដែលក្រសួងយុត្តិធម៌បានធ្វើការដុតកំទេចគ្រឿងញៀនក្នុងខេត្តចំនួន៥នៅភាគ¬ឥ¬សានមួយនេះហើយការដុតលើកនេះមានចំនួនច្រើនជាងកាលពីដុតលើកមុននៅខែតុលាឆ្នាំ២០១៧នោះ។
សូមបញ្ជាក់ថា៖ថ្នាំញៀនដុតបំផាញលើកទី៣នេះមានប្រភេទមេតំហ្វេតាមីនម្សៅ-ប្រភេទមេតំហ្វេតាមីនគ្រាប់នឹងប្រភេទ កេតាមីន ដែលមានទម្ងន់ទាំង៣ប្រភេទនេះ សរុបជាង១៩៣គីឡូក្រាម ក្នុងនោះ នាំយកមកពីខេត្តក្រចេះ- មណ្ឌលគីរី-តរនគីរី-ស្ទឹងត្រែង-និងខេត្តព្រះវិហារ៕