ក្រុមអង្គការសង្គមស៊ីវិលចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០២ ០៧ ២០១៩
ភ្នំពេញ: ក្រុមអង្គការសង្គមស៊ីវិល បានសម្រេចចូលរួមសហការជាមួយស្ថាប័នរបសើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ សំដៅកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
អង្គការទស្សនៈពិភពលោក និងអង្គការវឌ្ឍនភាព រួមជាមួយអង្គការចំនួន១១ផ្សេងទៀត នៅថ្ងៃទី២ ខែកក្កដានេះ បានចុះកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ ដែលត្រូវផ្តល់ដោយរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅតាមតំបន់គោលដៅរបស់អង្គការទាំងអស់នៅទូទាំងប្រទេស។
ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម មានប្រសាសន៍ថា ការចូលរួមពីអង្គការក្នុងស្រុក អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងអាចឲ្យរាជរដ្ឋាភិបាលសម្រេចបាននូវការធ្វើឲ្យ ប្រសើរឡើងនូវគុណភាពនៃសេវាសាធារណៈថ្នាក់មូលដ្ឋាន ដើម្បីជាប្រយោជន៍ដល់កុមារ និងគ្រួសារកម្ពុជារាប់លាននាក់ នៅទូទាំងប្រទេសដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។ ឯកឧត្តម បានឲ្យដឹងថា មកទល់ពេលនេះ ការិយាល័យច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាសាធារណៈ បានពង្រីកដល់៨៥ក្រុង ស្រុក ខណ្ឌ ហើយ ខណៈក្នុងផែនការត្រូវពង្រីកឲ្យបានទូទាំង២០២ក្រុង ស្រុក ខណ្ឌ នៅត្រឹមឆ្នាំ២០២០។

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈកម្ពុជា បានឲ្យដឹងថា គម្រោងនេះ បានចូលរួមគាំទ្រដល់ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០១៥មកម្លេះ ដោយបានធ្វើឲ្យប្រសើរឡើងនូវសេវានៅតាមមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលឃុំ ដល់ប្រជាពលរដ្ឋជិត២លាននាក់ នៅក្នុងឆ្នាំ២០១៨។ លោកបន្តថា គម្រោងនៃភាពជាដៃគូថ្មី ដែលអនុវត្តដល់ឆ្នាំ២០២០ខាងមុខទៀតនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង២លាន៨សែននាក់បន្ថែមទៀត តាមរយៈការធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈនៅក្នុងឃុំចំនួន២៩២ឃុំ សាលាបឋមសិក្សាចំនួន៥៧១សាលា និងមណ្ឌលសុខភាពចំនួន២១៦កន្លែង នៅក្នុងខេត្តចំនួន៥មានដូចជា តាកែវ កំពង់ចាម ពោធិ៍សាត់ បាត់ដំបង និងកំពង់ស្ពឺ។
លោកស្រី ហ្វ្រង់សិស្កា ស៊ីកូម៉ាទីណូ(Francesca Ciccomartino) តំណាសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានបង្ហាញការសប្បាយចិត្តណាស់ ដែលបានចូលរួមអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត ទទួលបានសេវាសាធារណៈឆាប់រហ័ស មានគណនេយ្យភាព និងប្រកដោយតម្លាភាព។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈពិភពលោក បានចូលរួមបណ្តុះបណ្តាលសមត្ថភាពអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ស័្មគ្រចិត្តចំនួន២,៦៦០នាក់ ដើម្បីឲ្យចូលរួមជួយសម្របសម្រួលសកម្មភាពគណនេយ្យភាពសង្គមនៅក្នុងសហគមន៍។ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ស័្មគ្រចិត្ត ច្រើនជាង ២០រូប ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ និង ចំនួន៣រូបទៀត បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាស្រុក៕