រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ដើម្បីចាក់ដីបំពេញទីធ្លាមុខវត្តទេពធីតារាម

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ -ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខដើម្បីចាក់ដីបំពេញទីធ្លាមុខវត្ត ទេពធីតារាម (ហៅវត្តយាយទេព) ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ត ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ​ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់ខេត្តកំពង់ឆ្នាំងក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ក្រោមការមូលមតិគ្នារបស់គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងដែល ប្រារព្ធធ្វើឡើង តាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិស ទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគំភ្លេងថ្វាយទស បារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា របស់ខ្មែរក្នុងបុព្វ ហេតុបួងសួងសុំសេចក្ដីសុខសម្រាប់ការចាក់ដី ជាពិសេសបូជាស្ដេចក្រុងពាលីដើម្បីជាលំអាន សម្រាប់មនុស្សជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់ វង្សសម្រាប់ថ្ងៃអនាគត។

ឯកឧត្តមបានបន្តទៀតថា  អាជ្ញាធរខេត្ត កំពុងតែរៀបចំកែលម្អសោភណភាពសួនច្បារ ក្នុងខេត្ត និងសួនច្បារជុំវិញរង្វង់មូលវិមានឯករាជ្យ ដោយមានលម្អដោយផ្កា ភ្លើងបំភ្លឺ អមតាម ដងផ្លូវ និងសាងសង់សួនតាមច្រំាងទន្លេផ្សារក្រោមផងដែរ ដើម្បីងាយស្រួលដល់បងប្អូនប្រជា ពលរដ្ឋលម្ហែកាយ លំហាត់ប្រាណ និងរៀបចំសណ្តាប់ធ្នាប់ ដោយមានការកាត់បន្ថយនូវ សំយ៉ាបតូបលក់ដូរនៅតាមដងផ្លូវ ដើម្បីបង្កើននូវសោភណភាពក្រុង បញ្ចៀសគ្រោះថ្នាក់ចរាចរ ណ៍ និងទាក់ទាញភ្ញៀវទេសចរជាដើម។

ឯកឧត្តមបញ្ជាក់ទៀតថា នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកំពង់ឆ្នាំង ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងឱ្យ កាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕​

ដោយ បៃ ស៊ីថុន