ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី អញ្ជើញប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០១៩ នៅអាងទឹកបឹងស្នោ ខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តឧត្តរមានជ័យ បានរៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្កដា ២០១៩ នៅអាងទឹកបឹងស្នោ សង្កាត់សំរោង ក្រុងសំរោង ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍ៍វិស័យកសិកម្មនិងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលខេត្ត ឯកឧត្តម លោកជុំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ មេឃុំ-ចៅសង្កាត់ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) គ្រូពេទ្យ យាយជី តាជី និងប្រជាពល រដ្ឋ ប្រមាណ ៣.៨២០នាក់ ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងថា ពិធីដ៏មានអត្ថន័យនេះ ក្នុងគោលបំណងបំផុសចលនាបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបឱ្យចូលរួមក្នុងការថែរក្សាការពារពូជត្រី ការអភិរក្សជីវចម្រុះ ក៏ដូចជាវារិជាតិផ្សេងៗឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឱ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ។ រដ្ឋបាលជលផលបានជ្រើសរើសយក អាងទឹកបឹងស្នោ ដែលមានទីតាំងក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រោះផ្ទៃបឹងមានទំហំធំ ប្រមាណជាង ១០ហិក តា មានជម្រៅពី៣ ទៅ៤ម៉ែត្រ ទឹកថ្លាល្អ ពុំមានក្លិន ផ្ទៃបឹងស្រឡះល្អ និងមានទ្វារទឹកតភ្ជាប់ទៅទីវាលផ្សេងៗសម្រាប់ការលែងកូនត្រីបាន។

កូនត្រីដែលរដ្ឋបាលជលផលរៀបចំលែងក្នុងថ្ងៃនេះមានជាប្រភេទកូនត្រីក្នុងស្រុក ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីកន្ធរ ត្រីប្រា ប្រមាណចំនួនជាង ១លានកូន ព្រមទាំងប្រភេទវារិសត្វកំពុងរងគ្រោះមានដូចជា ត្រីគល់រាំង អណ្តើក កន្ធាយ…ផងដែរ ។

ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី បានអបអរសាទរ និងកោតសរសើរ សមិទ្ធផល លទ្ធផលអាងទឹកបឹងស្នោ លិចរូបរាង្គឡើង បង្ហាញពីប្រជាប្រិយភាពផ្នែកទេសចរណ៍ និងជាសក្ដានុពលដល់មច្ឆជាតិរស់នៅមានសុខភាពល្អ ដើម្បីបម្រើផលប្រយោជន៍សាធារណជនដ៏មានតម្លៃ ឆ្លើយតបទៅនឹងចក្ខុវិស័យ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ បានរិះរកគ្រប់មធ្យោបាយដើម្បីធានានូវការគ្រប់គ្រងជលផល និងធនធានជលផលជំរុញកិច្ចអភិវឌ្ឍន៍វារីវប្បកម្ម ផលិតកម្ម និងការកែច្នៃលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋានដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច  បរិស្ថាន រួមទាំងការអភិរក្សជីវចម្រុះផង ប្រកបដោយនិរន្តរភាពក្នុងព្រះរាជាណាចក្រកម្ពុជា ពិតមែននៅមានបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានានិរន្តភាព សេដ្ឋកិច្ច សង្គមបរិស្ថាននៃអាងទន្លេនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

ដោយ ទិត ស្រ៊