មន្រ្តីមន្ទីររៀបចំដែននគរូបនីយកម្មចំនួន៥ខេត្តទទួលចំណេះដឹងពីបញ្ហាជំងឺអេដស៍និងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយលោក លឹម តុងហួត៖

 មន្រ្តីមន្ទីររៀបចំដែននគរូបនីយកម្មចំនួន៥ខេត្តបានទទួលចំណេះដឹងពីបញ្ហាជំងឺអេដស៍ មេរោគអេដស៍និងផលវិបាកនៃគ្រឿងញៀន តាមរយៈក្រសួងស្ថាប័នចំនួនបីរួមគ្នាបង្ហាញ
ពីផលវិបាកនៃជម្ងឺអេដស៏និងគ្រឿងញៀននៅក្នុងសង្គម។


មន្រ្តីរាជការ តំណាងមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន៥ខេត្ត មាន :ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប្រមាណជាង១៥០នាក់បាន
ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍ មេរោគអេដស៍ និងឥទ្ធិពលគ្រឿងញៀន នៅសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹមគឹមសាន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និងលោក សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។

លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបាន ផ្តល់កិច្ចសហការចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈមុះមុតក្នុងការដឹកនាំផ្សព្វផ្សាយក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការជួយគាំពារដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ឯកឧត្តម ស៊ឹម គឹមសាន ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ទីប្រឹក្សា បា នសំណូមពរដល់ អ្នកចូលរួមក្នុងសិក្ខាសាលា ជួយបង្ការ ទប់ស្កាត់និងផ្សព្វផ្សាយបន្តដើម្បីកុំឲ្យមានការរីករាលដាលបញ្ហាមេរោគអេដស៍តទៅទៀត។
សព្វថ្ងៃខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគអេដស៍ : ៥១៧៨នាក់ , មកទទួលសេវាថែទាំព្យាបាល បាន 99% , MSM មាន៣៥០០នាក់ , ស្រ្តីបំរើសេវាកំសាន្តសប្បាយ មាន២៣០០នាក់។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា
ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បានយកចិត្តទុកដាក់អនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី១ ដល់ទី៣ ហើយបាននឹងកំពុងបន្តអនុវត្តផែនយុទ្ធនាការលើកទី៤ សំដៅការបង្ការទប់ស្កាត់ ការរីករាលដាលនូវបញ្ហាគ្រឿងញៀនក្នុងវិស័យសំណង់ និងសុរិយោដី ៕