ប្រទេសជប៉ុនប្រកាសបន្តការនេសាទត្រីបាឡែនឡើងវិញបន្ទាប់ពីបានអាក់ខានប្រមាណ ៣ ទសវត្សទោះបីជារងការរិះគន់

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

ប្រទេសជប៉ុន បានចាប់ផ្តើមនេសាទត្រីបាឡែនឡើងវិញ បន្ទាប់ពីមានការហាមឃាត់ជាង ៣០ឆ្នាំ និងបន្ទាប់ពីក្រុងតូក្យូ ដកខ្លួនចេញពីគណៈកម្មការនេសាទត្រីបាឡែនអន្តរជាតិ (International Whaling Commission) ។ការនេសាទសារជាថ្មីនេះក៏ទទួលនូវការរិះគន់ពី បណ្តា អង្គការបរិស្ថាននានា និងប្រទេសដែលប្រឆាំងនឹងការនេសាទត្រីបាឡែនផងដែរ។ប៉ុន្តែជប៉ុនបាន អះអាងថានេះគឺជាប្រពៃណីដ៏យូរលង់មួយរបស់ពួកគេ។


តាមប្រភព សារព័ត៌មាន BBCបានអោយដឹងថា នាវានេសាទត្រីបាឡែនជាច្រើន នៃប្រទេសជប៉ុនបានចុះចតរង់ចាំនៅកំពង់ផែ តាំងពីថ្ងៃអាទិត្យសម្រាប់ទទួលស្វាគមន៍ការ ចាប់ផ្ដើមការនេសាទត្រីបាឡែនឡើងវិញនៅខែកក្កដានេះ។


បន្ទាប់ពីការដកខ្លួនចេញពីគណៈកម្មការនេសាទត្រីបាឡែនអន្តរជាតិ នឹងអនុញ្ញាត ឲ្យជប៉ុនអាចបន្តនេសាទសត្វត្រីបាឡែន ក្រោមគោលដៅពាណិជ្ជកម្មឡើងវិញបាន នៅ តាមដែនទឹកជាប់ប្រទេសរបស់ខ្លួន ព្រមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ។ ទោះជា យ៉ាងនេះក្តី ជប៉ុននឹងមិនអាចធ្វើការនេសាទត្រីបាឡែនក្នុងគោលដៅវិទ្យាសាស្រ្ត នៅមហាសមុទ្រទឹកកកអង់តាក់ទិក ក្រោមច្បាប់អន្តរជាតិបានទៀតឡើយ។
ការនេសាទត្រីបា ឡែនរបស់ជប៉ុន តែងតែទទួលការរិះគន់ពីសំណាក់អ្នកអភិរក្សត្រីបាឡែនអន្តរជាតិ តែ សម្រាប់ជប៉ុនវិញត្រីបាឡែនត្រូវបានចាត់ទុកជាអាហារបែបប្រពៃណី ដែលមិនអាចខ្វះ បាននោះឡើយ។
គណៈកម្មការ IWC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨ ដើម្បីអភិរក្សាត្រីបាឡែន ដោយមានសមាជិកចំនួន ៨៩ ប្រទេសខណៈជប៉ុនបានចូលរួមក្នុងគណៈកម្មការនេះកាល ពីឆ្នាំ១៩៥៩៕
ប្រភព៖ សារព័ត៌មាន BBC