សម្ដេចតេជោ អំពាវនាវឱ្យស្ថានីយទូរទស្សន៍នានាបន្តផ្ដល់សិទ្ធិឱ្យអ្នក គ ថ្លង់ បានយល់អំពីសភាពការណ៍តាមរយៈព័ត៌មាននានា

AKP ភ្នំពេញ​ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បា​នអំពាវនាវឱ្យស្ថានីយទូរទស្សន៍នានា បន្តផ្ដល់សិទ្ធិឱ្យអ្នក គ ថ្លង់ បានយល់អំពីសភាព​ការ​ណ៍​​តា​ម​​រយៈព័ត៌មាននានា ដោយការផ្ដល់ជាភាសាសញ្ញា សម្រាប់អ្នក គ ថ្លង់ ដល់អ្នកទាំ​ង​នោះ​។​

ក្នុងខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រ​​​ប់​គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រ​សួង​អប់រំ យុវជន​និង​កីឡា និង​ការដាក់​ឱ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នា​ព្រឹក​ថ្ងៃ​ទី​​១ខែកក្កដា ឆ្នាំ២០១៩​នេះ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ សម្ដេច​​តេ​ជោ​ថ្លែ​ងថា ស្ថានីយទូរទស្សន៍នីមួយៗ គប្បីរៀបចំឱ្យមានអ្នក​បកប្រែសម្រាប់ការ​ទទួលបាន ព័ត៌​មា​ន​​រប​​ស់អ្នក គ ថ្លង់ ដើម្បី​ឱ្យ​ពួកគាត់​ទទួលបាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផងដែរ​។

ជាមួយនេះ​ស​ម្តេ​ចតេជោនាយករដ្ឋមន្ត្រី​ បាន​ប្រកា​ស​ថា បើ​ស្ថានីយណា​ថា​គ្មាន​លុយ​ជួល​អ្នកបកប្រែ​ភាសាគ​ថ្លង់ សម្តេច​សុខចិត្ត​ចេញ​ជំនួស។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​ «​ស្ថានីយទូ​រ​ទ​ស្សន៍​​​ណា​ដែល​មិន​ដាក់​ឱ្យ​មាន​អ្នកបកប្រែ​ភាសា គ ​ថ្លង់ ​គឺជា​ការ​កាត់​សិទ្ធិ​នៃ​ការទទួលបាន​ព័​ត៌មាន​​របស់​ជនពិកា​រ​និង​គ​ថ្លង់»។ សម្តេច​បន្តថា សម្តេច​នឹង​ពិនិត្យ​គ្រប់​ទូរទស្សន៍​ទាំងអស់ បើ​ស្ថានីយទូរទស្សន៍​ណា​មិន​ដាក់​អ្នកបកប្រែ​ភាសា គ ​ថ្លង់ ហើយ​ប្រាប់ថា​ខាត​ក្នុង​ការផ្សាយ​ព័​ត៌​មា​ន​នោះ ​សម្តេច​នឹង​ចេញថ្លៃ​ចំណាយ​លើ​ការផ្សាយ​ព័ត៌មាន​ជំនួស​ធ្វើយ៉ាងណា​ដើម្បី​ឱ្យ​អ្នក​ពិការ​គ​ថ្លង់​ទទួលបាន ព័ត៌មាន​ជាក់លាក់​តាមរយៈ​ទូរទស្សន៍​ដែលមាន​នៅក្នុង​ប្រទេស​។

គួរបញ្ជាក់ដែរថា សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើ​ត​ឡើ​ង​ដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្ល​ង់​​»។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និង​ស​ម្រា​​ប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ។ ក្នុ​ង​រ​យៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគ ថ្លង់ បានដំ​ណើរ​ការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានផ្ដល់​ជំនួ​យ​ឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើន រួមទាំងជំនួយមូលនិធិដល់អង្គការគ្រួសារថ្មីសម្រាប់ដំណើរ​ការកម្ម​វិ​ធី​​ជាច្រើនជារៀងរហូតមក។ ក្នុង​ពិធី​ផ្ទេរ​ការ​គ្រ​​​ប់​គ្រង​សាលា​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​អង្គ​កា​រ​​គ្រួសារ​ថ្មី ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រ​សួង​អប់រំ យុវជន​និង​កីឡា និង​ការដាក់​ឱ្យ​ដំណើ​រ​​ការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេសនេះដែរ  សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភជាថវិកាលើកទឹកចិត្តដល់កុមារ គ ថ្លង់ ចំនួន ៨៩៦ នាក់ ដោ​យ​ម្នា​ក់ៗទទួលបាន ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និង លោកគ្រូអ្នកគ្រូចំនួន ២៦៥ ទទួល​បាន​ឃីត ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។

ទន្ទឹមនឹងនេះដែរ សម្រាប់សាលាកុមារពិការភ្នែក និ​​ង គ ថ្លង់ ខេត្តបាត់ដំបង  ច្បារអំពៅ ខេត្តសៀមរាប និង ខេត្តកំពង់ចាម ក្នុង១សាលាទទួល​បាន​នូវ​គ្រឿងឧបភោគបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកា៥លានរៀល។ ចំណែកឯវិទ្យា​ស្ថា​ន​​ជាតិអប់រំពិសេស ទទួលបានថវិកា ១០លានរៀលផងដែរ៕

ដោយ ជឹម ណារី