សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាស្ដីពីវឌ្ឍនភាពនៃដំណើរការសិទ្ធិមនុស្សរបស់ កម្ពុជា នៅទីស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី០៤ ខែកក្កដា

AKP ភ្នំពេញ​ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​សន៍​​ថា សម្ដេចនឹង​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ស្នាក់ការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស​ នៅ​ថ្ងៃទី០៤ ខែកក្កដា ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​សិ​ទ្ធិ​មនុ​ស្ស​របស់​កម្ពុជា។ក្នុងខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រ​ប់គ្រង​សាលា​កុមារ​ពិការភ្នែក​ និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រ​សួង​អប់រំ យុវជន​និង​កីឡា និង​ការដាក់​ឱ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ២០១៩​នេះ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ សម្ដេច​​តេ​ជោ​ថ្លែ​ងថា ថ្ងៃទី០៤ ខែកក្កដា នេះ ខ្ញុំនឹងចូលទៅអានសុន្ទរកថា នៅនឹងទីស្នាក់ការ សិទ្ធិមនុស្ស​របស់​អង្គ​ការសហប្រជាជាតិតែម្ដង ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការ សិទ្ធិមនុស្សរបស់កម្ពុជាវា​យ៉ាងម៉េច។ សិទ្ធិមនុស្សនៅកម្ពុជា មិននៅក្រោមគ្រាប់ផ្លោង ឬសង្គ្រាមទេ ហើយសិទ្ធិមនុ​ស្ស​​ក៏​មិនបានស្ថិតនៅក្រោមការសម្លាប់ ជារៀងរាល់ថ្ងៃនោះដែរ។ 

សម្ដេចបន្តថា  ឥឡូវបើចង់​និ​យា​​យពីវឌ្ឍនភាព សូមក្រឡេកមើលកាលពី៤០មុន តើកម្ពុជាវាយ៉ាងម៉េច ហើយតើ៤០ឆ្នាំ​ក្រោ​យ​តើវាយ៉ាងម៉េច។ យើងត្រូវនិយាយគ្នាឱ្យ ច្បាស់លើរឿងនេះ។ ជាងនេះទៀត​ក៏ត្រូវតែពិនិត្យ​បណ្ដា​​​ប្រ​ទេសដែលកាលពី៤០ឆ្នាំមុនវាល្អ ឥឡូវវាមិនល្អតើវាយ៉ាងម៉េច ប្រៀបធៀប​ដូច្នេះ​បាន​វា​ត្រូវ។ បើមើលដើមឈើមួយដើមៗ វាយតម្លៃសភាពការណ៍វាមិនត្រូវទេ។

សម្ដេចលើក​ឡើង​ថា ឥឡូវយើងពិនិត្យមើលប្រទេសដែលមានវឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​កាល​ពី៤០ឆ្នាំមុន មានអ្វីកើតឡើងក្នុងប្រទេសទាំងនោះទៅហើយ មកដល់ពេលនេះ។ បាន​សេ​​ចក្ដីថាជាដំណើរថយក្រោយមួយ លើបញ្ហាការគោរពសិទ្ធិមនុស្ស រាប់ទាំងបញ្ហាជនភៀស​ខ្លួន​នៅ​អឺរ៉ុបខ្លួនឯងតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប៉ុន្តែកម្ពុជា​កាលពីជាង​៤០​​ឆ្នាំមុនស្លាប់រាល់ថ្ងៃ ហើយបន្ទាប់មកសង្គ្រាមក៏នៅបន្តក៏មានមនុស្សស្លាប់តទៅទៀត តែជាបន្ត​បន្ទាប់​យើងបានឈានឡើងក្នុងជំហានដ៏ក្លាហានមួយ សម្រាប់ការរស់រានមានជីវិត​របស់កម្ពុ​ជា​​​ឡើងវិញ។ សម្ដេចតេជោថ្លែងបន្ថែមទៀតថា  យើងបានឃើញប្រត្យក្សនឹងភ្នែក សិទ្ធិម​នុស្សត្រូវ​ចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត មិនមែនចាប់ផ្ដើមពីសរសេរលើ​កាសែតទេ បើវាងា​ប់ទៅ​ហើយ ​តើទៅសរសេរកាសែតយ៉ាងម៉េច។ យើងហ៊ាននិយាយគ្នាយ៉ាងច្បាស់ដូច្នេះ។ ដូច្នេះ​ហើ​យ​​បានជាកម្ពុជាមិនព្រមឱនក្បាល ជាមួយនិងការប្រៀនប្រដៅរបស់អ្នកដទៃ។ ព្រោះកន្លែង​ខ្លះ​សម្លាប់មនុស្សដោយគ្រាប់បែក គ្រាប់ផ្លោង បាញ់ពីលើយន្តហោះមួយថ្ងៃៗ ស្លាប់អស់ប៉ុន្មាន តើគេមានដែលស្គាល់ និងគោរពសិទ្ធិមនុស្សទេ។ ឥឡូវយើងបានរស់រាន តាំងពីប្រជាជនតែ៥​លា​ន​នាក់ ឡើងដល់ប្រជាជន១៦លាននាក់៕

ដោយ ជឹម ណារី