សាលាកុមារពិការភ្នែក និងគ-ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានក្លាយជាវិទ្យាស្ថានជាតិអប់រំពិសេសស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ

ភ្នំពេញ៖ សាលាកុមារពិការភ្នែក និងគ-ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានក្លាយជាវិទ្យាស្ថានជាតិអប់រំពិសេស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាហើយយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានសំរេចផ្តល់អគារសិក្សា១ខ្នងកំពស់៤ជាន់ដល់សាលាកុមារពិការភ្នែក និងគ-ថ្លង់នៃអង្គការគ្រួសារថ្មី។

ការសំរេចរបស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ដោយមើលឃើញពីតម្រូវការចាំបាច់និងជាក់ស្តែងនៅទីនេះ សម្តេច ក៏បានស្នើអោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងអភិបាលរាជធានីភ្នំពេញត្រូវរៀបចំសាងសង់អគារបន្ថែមសំរាប់វិទ្យាស្ថានអប់រំពិសេសនេះ សំរាប់បណ្តុះបណ្តាលធនធានមនុស្សនៅទីនេះអោយកាន់តែល្អប្រសើរថែមទៀត។សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ អង្គការគ្រួសារថ្មី ដែលកន្លងមកបានយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា ជាពិសេសកុមារពិការភ្នែក និងគ ថ្លង់ អោយទទួលបានការសិក្សាអប់រំរៀនសូត្រ ការហ្វឹកហ្វឺនជំនាញនានា និងការឧបត្ថម្ភគាំទ្រផ្សេងៗជាច្រើនទៀត។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរចំពោះ ក្រសួងអបរំយុវជន និងកីឡា ដែលបានទទួលយកនូវសាលាហ្វឹកហ្វឺនពិសេសពីអង្គការគ្រួសារថ្មីដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដែលនឹងផ្តល់ប្រយោជន៍កាន់តែច្រើន និងទូលំទូលាយនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ។បច្ចុប្បន្នសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មីបែងចែកជាពីរផ្នែក គឺវិទ្យាល័យអប់រំពិសេស និងវិទ្យាស្ថានជាតិអប់រំពិសេស៕