បញ្ជាការកងទ័ពជើងទឹកបង្កើនសមត្ថភាពត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី
ភ្នំពេញ: បញ្ជាការកងទ័ពជើងទឹកបង្កើនសមត្ថភាពត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាកើតមានគ្រោះទឹកជំនន់ ឬ គ្រោះមហន្តរាយផ្សេងៗភ្លាមៗ សំដៅនាំមកនូវសុវត្ថិភាពដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជា សុខសន្តិភាពសម្រាប់សង្គមជាតិ។
ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានហ្វឺកហាត់ជំនាញយុទ្ធវិធី និងជំនាញបច្ចេកទេសឲ្យមានជំនាញច្បាស់លាស់តាមកម្រិតស្តង់ដារ ជាមួយការត្រៀមលក្ខណៈបម្រុងនូវឧបករណ៍ សម្ភារ មធ្យោបាយ ស្បៀងអាហារ ដើម្បីដោះស្រាយទាន់ពេលវេលា និងការពារគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងនៅកម្ពុជា។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីប្រយុទ្ធថ្នាក់កងអនុសេនាតូច វគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើកបរ-ថែទាំនាវា និងអូរប័រ វគ្គហ្វឹកហ្វឺនបំប៉នជំនាញរោងជាង-ដុក(ទន្លេ) និងបើកវគ្គហ្វឹកហ្វឺនជំនាញ សង្គ្រោះគ្រោះមហន្តរាយ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១ ខែកក្កដានេះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានជំរុញឲ្យកងកម្លាំងកងទ័ពជើងទឹកទាំងអស់ រៀបចំកម្លាំង និងមធ្យោបាយ ដើម្បីធ្វើការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗភ្លាមៗ បន្ថែមពីលើភារកិច្ចការពារបូរណភាពដែនដី ដែនអាកាស ដែនទឹក ដែនកោះ ឆ្នេរ លម្អសមុទ្រ ដើម្បីនាំមកសុខសន្តិភាព សុវត្ថិភាពសង្គម ទប់ស្កាត់បង្រ្កាបអំពើភេរវកម្ម និងបទល្មើសនានា ដែលបង្កដល់អស្ថិរភាពសង្គម។

សូមបញ្ជាក់ថា សិក្ខាកាមដែលចូលហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសបើកបរ និងថែទាំនាវា-អូប័រ ក្នុងរយៈពេល៣ខែកន្លងទៅនេះ មានសរុប១១០នាក់។ សិក្ខាកាមហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសជួសជុលម៉ាស៊ីន បច្ចេកទេសផ្សា បច្ចេកទេសអគ្គិសនី បច្ចេកទេសជួសជុលដុក លំហាត់របៀប និងអប់រំចិត្តសាស្ត្រ មានសរុប៦០នាក់ ខណៈសិក្ខាកាម១១០នាក់ទៀត បានហ្វឹកហាត់លើមុខជំនាញផែនទីជើងគោក និងត្រីវិស័យយុទ្ធវិធីថ្មើរជើង បច្ចេកទេសអាវុធថ្មើរជើង អប់រំចិត្តសាស្ត្រ និងលំហាត់របៀប។
ព្រមជាមួយនេះ អង្គភាពកងទ័ពជើងទឹក ក៏បានបើកវគ្គហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ ដែលមានសមាសភាពហ្វឹកហាត់ជានាយនាវី នាយនាវីរង និងពលនាវឹក ចំនួន២៥០នាក់ រយៈពេល៦១ថ្ងៃ ផងដែរ៕