លោកជំទាវ គឹម ញ៉ យន្តមីន ជួបសំណេះសំណាលជាមួយកុមារអង្គការម្លប់តាប៉ាង

AKP ព្រះសីហនុ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — លោកជំទាវ គឹម ញ៉ យន្តមីន ដឹកនាំសមាគមនារីខេត្ត និងសាខាកាកបាទក្រហម ខេត្តព្រះសីហនុ សំណេះសំណាលជាមួយកុមារៗអង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។លោកជំទាវ ប្រាក់ ចន្ទសុខា ប្រធានសមាគមនារីខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយមានការផ្តួចផ្តើមពីលោកជំទាវ គឹម ញ៉ យន្តមីន ដែលតែងតែយកចិត្តទុកដាក់ កៀរគរ សប្បុរសជនជួយគាំទ្រដល់កុមារក្នុងមណ្ឌលអង្គការម្លប់តាប៉ាងជាបន្តបន្ទាប់ ហើយពេល នេះក៏បាននាំយកមកនូវអង្ករចំនួន១តោន និងភេសជ្ជៈមួយចំនួនទៀត ក្នុងឱកាសនេះ ក៏បាន រៀបចំនំបញ្ចុកសាមគ្គីសម្រាប់កុមារក្នុងមណ្ឌលអង្គការម្លប់តាប៉ាងជាង ៦០០នាក់ ផងដែរ។

លោកស្រី រ័ត្ន ចន្ទផលគុណ នាយិការអង្គការម្លប់តាប៉ាង បានថ្លែងអំណរគុណ លោក ជំទាវ គឹម ញ៉ យន្តមីន អតីតអភិបាលខេត្តព្រះសីហនុ បានជួយគាំទ្រសកម្មភាព របស់អង្គការម្លប់តាប៉ាង ក្នុងបុព្វហេតុជួយប្រមូលកុមារតាមថ្នល់ និងយុវជនញៀនថ្នាំ ដើម្បីយកមកអប់រំ កែប្រែ បណ្តុះបណ្តាលឱ្យពួកគេមានឱកាស មានជំនាញវិជ្ជាជីវ:ថ្មីឡើងវិញ សម្រាប់អនាគត។

លោកស្រីបន្តថា សព្វថ្ងៃមានគ្រួសារកុមារ និងយុវជនប្រមាណ ២.៥០០នាក់ ក្នុងនោះកុមារ និងយុវជនក្រីក្រងាយរងគ្រោះ។ កុមារចំនួនជាង ៦០០នាក់ត្រូវបាន មើលថែទាំរាល់ថ្ងៃ កុមារ៤០០នាក់ស្នាក់នៅក្នុងមណ្ឌល និង២០០នាក់ទៀត នៅក្រៅមណ្ឌលជាមួយក្រុមគ្រួសារ។

លោកស្រីបញ្ជាក់ថា អង្គការម្លប់តាប៉ាង ធ្វើសកម្មភាពជួយកុមារក្រីក្រ និងយុវជនងាយរង គ្រោះនៅទូទាំងខេត្តព្រះសីហនុ ដោយមិនមានការរើសអើង គឺប្រមូលកុមារនៅតាម ចិញ្ចើមថ្នល់ យក មករៀនសូត្រក្នុងសាលារដ្ឋ និងរៀនសូត្រក្នុងមណ្ឌលអង្គការម្លប់តាប៉ាង​ដោយមានការផ្គត់ផ្គងអាហារ សម្លៀកបំពាក់ សម្ភារសិក្សា និងថវិកាក្នុងការរៀនសូត្រ។ ក្រៅពីនោះ ក៏មានបង្រៀនជំនាញវិជ្ជាជីវៈជាច្រើនផ្នែក ដោយបានសហការពីមន្ទីរអប់រំ មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រីបន្តថា អង្គការជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ទី១. ផ្លូវថ្នល់ចូលមកអង្គការ។ ទី២.ទឹក ភ្លើង មិនទាន់ឆ្លើយតបតាមតម្រូវការ។ ទី៣.គ្រួសារ កុមារខ្លះប្តូរទីតាំងទៅឆ្ងាយលំបាកដឹកជញ្ជូនមកមណ្ឌល និងទី៤. ការចំណាយមានការកើនឡើងជាដើម។

លោកស្រី ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត សប្បុរសជនមេត្តាជួយ ឧបត្ថម្ភគាំទ្រដល់អង្គការម្លប់តាប៉ាងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយកុមារ និងយុវជន ងាយរងគ្រោះក្នុងខេត្តព្រះសីហនុ បានចូលសិក្សារៀនសូត្រ និងមានជំនាញវិជ្ជាជីវ: ដូចកុមារដទៃទៀតក្នុងព្រះ រាជាណាចក្រកម្ពុជា៕

ដោយ ងូ សុមុនី