កូរ៉េចង់បង្កើតមជ្ឈមណ្ឌលស្ដង់ដារជាតិវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា ដើម្បី​ផ្ដល់​ការអប់រំ បណ្ដុះបណ្ដាលជំនាញកែសម្ផស្សប្រកបដោយគុណភាព

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — សមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់សាធារណរដ្ឋកូរ៉េ បានបង្ហាញគោលបំណងចង់ បង្កើតមជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា ដើម្បីផ្ដល់ការអប់រំបណ្ដុះ​បណ្ដាលជំនាញកែសម្ផស្សដល់យុវជនកម្ពុជា ក្នុងការធានានូវគុណភាព ប្រសិទ្ធភាព ពិសេស​សុវត្ថិភាពដល់អតិថិជន និងក្នុងតំបន់។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការ​ងារ​ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេស កូរ៉េខាងត្បូង បានបញ្ជាក់ថា ការដឹកនាំគណៈប្រតិភូសមាគមមកទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីមកបង្ហាញគោលបំណងចង់វិនិយោគលើការបង្កើត មជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែ​កវិទ្យា​សាស្ត្រសម្ផស្សដោយសារតែ មើលឃើញសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា​កំពុងមាន​ភាពផុសផុល ដែលអាចបង្កើតនូវកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិលើវិស័យនេះ។ លោកបានបន្ដថា សមាគមរបស់លោកបាននិងកំពុងដំណើរការ ប្រកបដោយភាពជោគជ័យ​លើវិស័យកែសម្ផស្សនេះនៅជុំវិញពិភពលោក ដោយក្នុងនោះសមាគមមានស្ថាប័នជា​សមា​ជិក​​ជាច្រើននៅតាមបណ្ដាប្រទេសមួយចំនួន ដូចជាកូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា អាម៉េរិកជាដើម។ លោកក៏បានសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបង្កើតឱ្យមានគម្រោងវិនិយោគខាងលើនេះ ដោយលោកបានសន្យាថា ប្រសិនបើគម្រោ ងវិនិយោគនេះអាចដំណើរការទៅបានពិតមែន ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនក្នុងតំបន់ នឹង ទទួលបានសេវាកម្មកែសម្ផស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ តាមរយៈការបណ្ដុះបណ្ដាលដល់អ្នកផ្ដល់សេវាកែសម្ផស្ស ពីសំណាក់អ្នកជំនាញកូរ៉េ និងអ្នក ជំនាញមកពីបណ្ដាស្ថាប័នដៃគូ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះយ៉ាងពេញទំហឹង ពិសេសឯកឧត្តម​បណ្ឌិតរដ្ឋមន្ត្រីបានធានានូវការផ្ដល់អាជ្ញាប័ណ្ណមួយជូនមជ្ឈមណ្ឌល ដើម្បីប្រតិបត្តិការការងារ​ដោយស្របច្បាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សមាគមដែរថា ការបើកដំណើរការ​មជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា នឹងទទួលបាននូវការចាប់​អារម្មណ៍ ព្រមទាំងឆ្លើយតបនឹងទីផ្សារសេវាកម្មកែសម្ផស្ស នាពេលបច្ចុប្បន្ន ពីព្រោះសេដ្ឋ​កិច្ច​កម្ពុជានៅតែមានភាពរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារ ហើយការ ស្វែងរកសេវាកម្មកែសម្ផស្សក៏ចេះតែមានតម្រូវការជាលំដាប់ផងដែរ។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងសម្រេចបាននូវកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាង​រាជរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន៕

ដោយ ឡុង ស៊ីវ៉ាន់