ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនចង់ឃើញក្លិបកម្សាន្ត ខារ៉ាអូខេ ប្រើប្រាស់​សន្តិសុខឯកជនជំនួសប្រើប្រាស់កម្លាំងសមត្ថកិច្ច

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន លើកទឹកចិត្តឱ្យបណ្ដាក្លិបកម្សាន្ដ ខារ៉ាអូខេ និងកន្លែងសប្បាយភាពផ្សេងៗ បង្កើនការប្រើ​ប្រាស់ភ្នាក់ងារសន្ដិសុខឯកជន ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជំនួសការប្រើប្រាស់​កម្លាំង​សមត្ថកិច្ចដែលខុសពីការកំណត់ដោយច្បាប់។ ការលើកឡើងនេះ ក្នុងឱកាសចូលរួម​បើកវគ្គ​​បំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី១៧ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩​នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់បណ្ដាគ្រឹះស្ថាន សប្បាយ​ភាពទាំងអស់ ជាពិសេសក្លិបកម្សាន្ដ ខារ៉ាអូខេ និងកាស៊ីណូ មិនត្រូវប្រើប្រាស់​កង​កម្លាំងប្រដាប់អាវុធឡើយ ត្រូវជ្រើសយកភា្នក់ងារសន្ដិសុខឯកជន មកការពារកន្លែងរបស់ខ្លួន ដោយភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មានការបំពាក់បំប៉នជំនាញ សមត្ថភាព វិជ្ជាជីវៈ និងច្បាប់ត្រឹមត្រូវ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាត​មិន​អនុញ្ញាតឱ្យមានការយកកងកម្លាំងសមត្ថកិច្ច ដែលជាអ្នកអនុវត្តន៍ច្បាប់ ទៅការពារនៅ​កន្លែង​កម្សាន្ដ ពិសេសក្លិប ខារ៉ាអូខេ និងកាស៊ីណូជាដើម។ សម្ដេចក្រឡាហោមក៏បានលើក​ទឹកចិត្តឱ្យតាមបណ្ដាក្លិបកម្សាន្ដ ខារ៉ាអូខេ ឬកន្លែងសប្បាយភាពទាំងអស់ គួរតែប្រើប្រាស់​ភ្នាក់​ងារសន្ដិសុខឯកជនឱ្យបានច្រើន ខណៈដែលបច្ចុប្បន្នភា្នក់ងារសន្ដិសុខឯកជន ក៏ទទួល​បាន​ការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕

ដោយ ចាន់ សុធីវង្ស