រដ្ឋសភាអនុញ្ញាតក្រុមហ៊ុនអេសភីអេចភី ធ្វើការវិនិយោគគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ក្នុងរយៈពេល៣៩ឆ្នាំ 

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — រដ្ឋសភាបានអនុម័តយល់ព្រម អនុញ្ញាតឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា)ឯ.ក​ ធ្វើការ​វិនិយោគគម្រោងវារីអគ្គិសនី ពោធិ៍សាត់១​ លើកម្លាំងទំហំ៨០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យ ដំណើរការនៅឆ្នាំ២០២៣​ខាងមុខនេះ។

រដ្ឋសភាអនុញ្ញាតយល់ព្រមឱ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក ធ្វើតាមរយៈ ការអនុ​ម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រឱ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  រួមជាមួយសមាជិក សមាជិកា រដ្ឋសភាលើកដៃអនុម័តជាឯកច្ឆ័ន្ទ​ដោយ ​សំឡេង១១២នៃសំឡេងសមាជិកដែលចូលរួមទាំងអស់។

ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសាវនកម្មនៃររដ្ឋ សភា​បាន​លើកឡើងថា សេចក្តីព្រាងច្បាប់នេះធ្វើឡើង ស្របពេលដែលប្រទេសជាតិមាន​សុខ សន្តិភាព  និងស្ថិរភាពនយោបាយ ធ្វើឱ្យជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងបាន​លើក​កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ឯកឧត្ដមបានបន្ដថា សេចក្តី​ព្រាងច្បាប់នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​បានគ្រប់គ្រាន់ មាននិរន្តភាព ស្ថិរភាព  ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។ ឯកឧត្ដមបាន​បន្ថែមថា តាមរយៈច្បាប់នេះរាជរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើមKTC Cable Co.Ltd  និងដៃគូធ្វើការសិក្សា និងអភិវឌ្ឍន៍គម្រោង​វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដោយកម្លាំងអនុភាព៨០មេហ្គាវ៉ាត់  ស្ថិតនៅក្នុងសាស្ត្រ ឃុំ ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះដែរ សម្រាប់វិនិយោគទុនក្នុងការសាងសង់គម្រោងវារីអគ្គិសនី​ស្ទឹងពោធិ៍​សាត់១ ត្រូវចំណាយថវិកាសរុប២៣១,១០លានដុល្លាអាម៉េរិកក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ  ដោយរយៈពេលសាងសង់៤ឆ្នាំ និង៣៥ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។ ទន្ទឹមនេះ ការវិនិយោគ​ រាជរដ្ឋាភិបាលបានលើកលែងពន្ធដល់ក្រុមហ៊ុនរយៈពេល៩ឆ្នាំ។ ចំពោះបរិមាណថាមពល អគ្គិសនីផលិតប្រចាំឆ្នាំជាមធ្យម មានចំនួន៣៦០លានគីឡូវ៉ាត់ម៉ោង និងតម្លៃដល់អគ្គិសនីឱ្យ អគ្គិសនីកម្ពុជាស្មើនឹង៧.៩សេនដុល្លារអាម៉េរិក ក្នុងគីឡូវ៉ាត់ម៉ោង។

ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះអគ្គិសនីដែលផលិតដោយក្រុមហ៊ុនខាងលើ អគ្គិសនីកម្ពុជា និងទិញថាមពលអគ្គិសនីទាំងអស់នៅរដូវប្រាំង និងទិញ៣០ភាគរយនៅ​រដូវវស្សា។ករណីអគ្គិសនីកម្ពុជា ទិញអគ្គិសនីលើសពីបរិមាណមូលដ្ឋានក្នុងរដូវវស្សា ត្រូវលក់ ឱ្យ​អគ្គិសនីកម្ពុ ជាក្នុងតម្លៃ៦៥ភាគរយ នៃអត្រាលក់ធម្មតា។

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ពេលដំណើរអាជីវកម្ម ក្រុមហ៊ុនវិនិយោគបានយល់ព្រមឧត្ថម្ភថវិកាចំនួន១០០.០០០ដុល្លារអាម៉េរិកក្នុង១ ឆ្នាំ សម្រាប់រយៈពេល៣៥ឆ្នាំ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស និងបង្កើន សមត្ថភាព ក្នុងវិស័យ ថាមពលផងដែរ។ ឯកឧត្ដមបានបន្ដថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ក៏រង ផលប៉ះពាល់ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋ៣៤៧គ្រយសារ  ប៉ះពាល់លំនៅឋានចំនួន៩២ខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ៧៨គ្រួសារ ស្ថិតនៅក្នុងតំបន់អាចទឹក ប៉ះពាល់ដីកសិកម្មរបស់ ប្រជា​ពលរដ្ឋចំនួន២៦៩គ្រួសារ ហើយប៉ះពាល់ផ្ទៃដីសរុបចំនួន៩.៣៥៥ហិកតា និងប៉ះពាល់ផ្ទៃ ដីព្រៃឈើសរុបចំនួន៦០០.៧២៤ហិកតា។ ក្រៅពីនេះ គម្រោងក៏បានប៉ះពាល់ដល់ថនិកសត្វ ៤៦​ប្រភេទ ពពួកបក្សី១០១ ប្រភេទ ល្មូន និងមណ្ឌុកសត្វ៦៣ប្រភេទ និងត្រីទឹកសាប៧៨​ប្រភេទ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងដែរថា សម្រាប់គម្រោងវារីអគ្គិសនីនេះដែរ ខាង​ក្រុមហ៊ុនគ្រោងចំណាយថវិកាសរុប១.៦៨៥.៩៨០ដុល្លាអាម៉េរិក ក្នុងការស្តារបរិស្ថាន។ លើស​ពីនេះ ក្រុមហ៊ុនគ្រោងចំណាយថវិកាសម្រាប់ដោះស្រាយគោលនយោបាយសំណង​សរុប​ចំនួន៦.៨៣លានដុល្លារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់ផងដែរ។

ឯកឧត្ដមបានគូសបញ្ជាក់ទៀតថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់នេះ គឺជាប្រភព​អគ្គិសនីមួយ ដែលចេញពីធនធានធម្មជាតិក្នុងស្រុក ក្នុងការចូលរួមកាត់ បន្ថយការប្រើ​ប្រាស់​ប្រេង និងមានថ្លៃលក់ថេរក្នុងរយៈពេល៣៥ឆ្នាំគឺ៧.៩សេនដុល្លារអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង ដែលជួយធានានូវសន្តិសុខថាមពល ធ្វើឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានឆាប់រហ័សថែមទៀត៕

ដោយ ប៊ុនរិទ្ធ