ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​នឹងបំពាក់មេដាយមាសជូនក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍បាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ លោកស្រីផនវាសនា រូបភាពលោកអ៊ូកាណែល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍បាក់អគារ៧ជាន់នៅខេត្តព្រះសីហនុទាំងអស់នឹងត្រូវបំពាក់មេដាយមាស សម្តេចតេជោ បានថ្លែងអំណរគុណចំពោះអាជ្ញាធរនិងក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការបាក់អគារ៧ជាន់នៅខេត្តព្រះសីហុនទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការជួយសង្គ្រោះ។ជាមួយគ្នានេះសម្តេចតេជោ បានប្រកាសបំពាក់មេដាយមាសដល់ក្រុមអ្នកជួយ សង្គ្រោះក្នុងហេតុការណ៍បាក់អគារ៧ជាន់នៅខេត្តព្រះសីហនុទាំងអស់។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។    សម្តេចតេជោ បន្តថា ហេតុការណ៍បាក់រលំអគារនេះ មិនមែនមានតែកម្ពុជានោះទេ បណ្តា ប្រទេសមួយចំនួនសុទ្ធតែធ្លាប់ជួប ប៉ុន្តែទោះជាយ៉ាងណាសម្តេចបានសម្តែងនូវការសោកស្តាយ ដែលកើតមានហេតុការណ៍នេះនៅកម្ពុជា។សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់  សប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកាដល់ជនរងគ្រោះទាំងអស់ ដែលនេះបង្ហាញពីទឹក ចិត្តចេះស្រឡាញ់គ្នារបស់បងប្អូនជនរួមជាតិរបស់យើង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២៨នាក់ និងរបួស២៦នាក់៕