មន្ត្រីរាជការក្រសួងសេដ្ឋកិច្ច លែងពូជត្រីជិត២ម៉ឺនក្បាល នៅមុខព្រះបរមរាជវាំង​ដើម្បីអបអរសាទរទិវាមច្ឆជាតិ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩​ — ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយកពូជត្រីជាច្រើន ប្រភេទចំនួន១៨.១៦៨ក្បាល(មួយម៉ឺនប្រាំបីពាន់មួយហុកសិបប្រាំបី) ទៅលែងនៅទន្លេចតុមុខ នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ “ទិវាមច្ឆជាតិ ០១កក្កដា”។

ក្នុងពិធីប្រលែងកូនត្រីនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ទិវាមច្ឆាជាតិធ្វើឡើងក្នុងគោលបំណងស្តារមច្ឆាជាតិ​និង​ជីវចម្រុះ​ឡើងវិញ ការពារជលផលនៅកម្ពុជាឱ្យបានគង់វង្ស និងបង្កើនទិន្នផលត្រីសម្រាប់​ដោះ​ស្រាយជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែមានជីវភាពធូរធារ។ ឯកឧត្តមបានបន្ដថា ទិវានេះក៏ជួយកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល ការចូលរួមធ្វើបុណ្យកុសល ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា។ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដទៀតថា ការជ្រើសរើសទីតាំង នៅមុខព្រះបរមរាជវាំង ឬនៅទន្លេបួនមុខនេះព្រោះដោយយល់ឃើញថា ជាចំណុចប្រសព្វនៃទន្លេទាំងបួន ជាកន្លែង​ដែលអាចឱ្យកូនត្រីទៅរស់នៅតំបន់ខុសគ្នា និងកន្លែងមួយអាចឱ្យប្រជាជនឃើញ​និងអាចចូល​រួមចំណែកជួយគ្នាក្នុងការស្តារជីវចម្រុះឡើងវិញ និងក៏ជាសកម្មភាពក្នុងការធ្វើបុណ្យកុសល​ផងដែរ។ ទន្ទឹមនេះ ឯកឧត្ដម បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ឱ្យជួយចូលរួម​លើកកម្ពស់ក្នុង​ការលែងត្រីដើម្បីស្តារជីវជាតិឡើងវិញទាំងអស់គ្នា ពិសេសចំពោះអ្នកនេសាទសូមកុំ​នេសាទ​ត្រី​នៅរដូវត្រីពង ឬប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីនេសាទត្រីជាអាទិ៍។ លើសពីនេះ​ទៀត ឯកឧត្តមក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ អភិបាលខណ្ឌក្នុងការចូលរួមចំណែក ​និង ជួយ​សម្រួលដល់ការងារលែងត្រីនេះ និងសប្បុរសជនគ្រប់ទិសទីដែលបានចូលរួមវិភាគ​ទាន​ចំពោះកម្មវិធីនេះ។ ឯកឧត្ដមក៏បានជូនពរ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗ កុមារតូចៗដែលបានចូលរួមពិធីលែងត្រីនេះ សូមទទួលបាននូវសុខភាពល្អ ជ័យជម្នះគ្រប់ការ​ងារ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ គង់ សិរីរ័ត្ន