ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព ដើម្បីធានាឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ ប្រកបដោយសុខដុមរមនា ។ ការរក្សាបានសុខសន្តិភាព គឺធានាឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរំខាន។ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បែបនេះ នៅក្នុងពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតាចំនួន ៥៦០អង្គ/នាក់ នៅវត្តភ្នៀតសិម្ពលី សង្កាត់ ស្នោរ ខណ្ឌកំបូល កាលពីរសៀលថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់​ ។ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះឱ្យនៅគង់វង្ស ទោះក្នុងរូបភាពណាក៏ដោយ មិនឱ្យជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។

ឯកឧត្តម បានជំរុញឱ្យព្រះសង្ឃគ្រប់ព្រះអង្គឱ្យបង្កើនការបំពេញតួនាទីឱ្យកាន់តែខ្លំាងក្លាក្នុងការអប់រំសង្គមឱ្យមានសន្តិភាព គ្មានអំពើហិង្សា ស្របពេលដែលវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនហើយប្រទេសជាតិមានសុខសន្តិភាពនិងស្ថិរភាពនយោបាយល្អ។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកព្រះសង្ឃមានតួនាទីសំខាន់ណាស់ដែលរួមចំណែកធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព និងគ្មានអំពើហិង្សា។ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា រាជរដ្ឋាភិបាលបានលើកទឹកចិត្ត ឱ្យព្រះសង្ឃបានអប់រំសង្គមតាមរយៈកម្មវិធីព្រះពុទ្ធសាសនា ផ្សាភ្ជាប់នឹងសង្គមដែលត្រូវបានអប់រំផ្សាយនៅគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍។ បន្ថែមពីនេះទៀត គឺការផ្តល់ពុទ្ធឱវាទរបស់ព្រះសង្ឃ តាមរយៈការសម្តែងធម៌ទេសនា នៅក្នុងទីវត្តអារ៉ាម និងកម្មវិធីបុណ្យនានាដោយ បញ្ជូលសារអប់រំ ដូចជា ឱ្យប្រព្រឹត្តតែអំពើល្អ ចាកឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង មិនប្រើប្រាស់អំពើហិង្សា និងមិនប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលថា ការកសាងសុខសន្តិភាពបានល្អពិតជាបានជួយឱ្យវិស័យពុទ្ធចក្រមានការរីកចម្រើនទៅតាមនោះដែរ ។ ជាក់ស្តែងគ្រប់ទីវត្តអារាមទាំងអស់បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អ សម្រាប់ទុកឱ្យពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត បានមានព្រះបន្ទូលបន្តថា បច្ចុប្បន្នព្រះសង្ឃគ្រប់ព្រះអង្គបានគោរពប្រតិបត្តិធម៌វិន័យ និងការសិក្សាមានចំណេះដឹងឱ្យកាន់តែជ្រៅជ្រះទំាងផ្លូវលោក និងផ្លូវធម៌ដើម្បីជួយអប់រំផ្លូវចិត្តប្រជាពលរដ្ឋ ឱ្យមានស្មារតីរស់នៅក្នុងសង្គមប្រកបដោយសុខសន្តិភាព មិនចងគុំនំហើយស្រឡាញ់រាប់អានគ្នា និងប្រាស់ចាក់ពីអំពើអបាយមុខ ផ្ទុយនឹងច្បាប់សង្គមជាដើម ៕

ដោយ សួស សំរិត