ប្រទេសចំនួន១៩ សន្យាប្តេជ្ញាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ខណៈអាមេរិកនៅតែដើរចេញ

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


យោងតាមការផ្សាយរបស់សារព័ត៌មាន REUTERS បានលើកឡើងថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បាន បញ្ចុះបញ្ចូលប្រទេសចំនួន១៩ផ្សេងទៀត ឲ្យធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្ត និងការពារកិច្ចព្រមព្រមទីក្រុងប៉ារីស ស្តីពីអាកាសធាតុកំណត់កម្រិតសីតុណ្ហភាពនៅលើសកលលោកឱ្យនៅក្រោម 2 អង្សាសេ។

ម៉្យាងទៀតដោយចង់ឲ្យប្រទេសដែលមានសេដ្ឋកិច្ចនាំមុខទាំង២០ និងជាក្រុមប្រទេសដែលបញ្ចេញឧស្ម័នពុល បំផ្លាញបរិស្ថានច្រើនជាងគេក្នុងលោក ត្រូវតែប្តេជ្ញាចិត្ដដាក់បញ្ចូលនូវគោលនយោបាយ កំណែទម្រង់ និងធ្វើយើងណា ងាកមកថែរក្សាបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលជាប្រភពនៃការកើនឡើង កំដៅភពផែនដី។
នៅទីបំផុត មានប្រទេសចំនួន១៩ បានចុះហត្ថលេខា នៅក្នុងជំនួបកំពូល G20នៅអូសាកាប្រទេសជប៉ុន។ ប្រទេសមួយ ដែលមិនចូលរួមនោះ គឺសហរដ្ឋអាមេរិក ព្រោះថា លោកដូណាល់ ត្រាំ បានដើរចេញ ពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុបាត់ទៅហើយ។មិនត្រឹមតែមិនចូលរូមទេ តែ អំឡុងពេលប្រជុំនោះលោកដូណាល់ ត្រាំ បានដើរអូសទាញ បញ្ចុះបញ្ចូលប្រទេសផ្សេងទៀត កុំឲ្យចុះហត្ថលេខាប្តេជ្ញាចិត្ត ទាក់ទិននឹងបញ្ហាបរិស្ថាន ស្ដីពីការប្រែប្រួលអាកាសធាតុនេះទៀតផង។
ជាការព្រួយបារម្ភថា ប្រទេសមួយចំនួន ដូចជាប្រេស៊ីល ចិន ឥណ្ឌូណេស៊ីជាដើម អាចរាថយ មិនចុះហត្ថលេខាលើការប្តេជ្ញាចិត្តរួម ស្តីពីបញ្ហាអាកាសធាតុនេះ ដោយហេតុថាចាញ់សម្លុត ឬជឿតាមការអូសទាញរបស់អាមេរិក។ប៉ុន្តែនៅទីបំផុត គឺមានតែអាមេរិកម្នាក់ទេ ដែលមិនចុះហត្ថលេខា៕
ប្រភព៖ REUTERS