ឯកឧត្ដម ឃួង ស្រេង ទទួល ជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនដើម្បីពិភាក្សាលើ ការងារ​បរិស្ថាននិងជំរុញការអភិវឌ្ឍ​ក្នុង​រាជធានីភ្នំពេញ​

AKPភ្នំពេញថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩– ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ឯកឧត្ដម មីណូរុ គីអ៊ូឈី (H.E.Minoru KIUCHI) ដើម្បីពិភាក្សា​ការងារ​ពាក់ព័ន្ធ​ការគ្រប់​គ្រង​សំរាម ការងារ​ដឹក​ជញ្ជូន ការងារ​លូប្រឡាយនិងប្រព័ន្ធ​ទឹក​សម្អុយ​និងការងារ​អភិរក្ស​បរិស្ថានដើម្បី​កែលម្អ​បរិស្ថាន និង ជំរុញការអភិវឌ្ឍក្នុង​រាជធានីភ្នំពេញ​។

ជំនួបនេះបានប្រព្រឹត្ដទៅកាលពីរសៀល​ថ្ងៃ​សុក្រ ១១រោច ខែជេស្ឋ ឆ្នាំ​កុរឯកស័កព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៩​នៅសាលារាជធានីភ្នំពេញ ។

ក្នុងជំនួបសម្ដែងការគួរសមនោះដែរក៏មានវត្តមានឯកឧត្ដម ហូរីណូអ៊ូឈី ហ៊ីដេហ៊ីសា( H.E.HORINOUCHI Hidehisa) ឯកអគ្គរាជទូត​វិសាមញ្ញា​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​ព្រះរា ជាណាចក្រ​កម្ពុជា លោក សូហ្គាណូ យូអ៊ីឈី (Mr. Sugano Yuichi )ប្រធាន​JICA ប្រចាំកម្ពុជា លោក គូស៊ីយ៉ាម៉ា សាតូរុ( Mr.Kushiyama Satoru) ប្រធាន​មន្ទីរ​បរិស្ថាន​គីតា​គ្យូស៊្សូ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញ​ការអភិវឌ្ឍ​នៅ​រាជ​ធានីភ្នំពេញ ភាគីទីក្រុង បាននិងកំពុងគាំទ្រដោយបង្កើតនូវផែនការយុទ្ធសាស្ត្រ សម្រាប់គាំ​ពារ​​ការ​បម្រែបម្រួល អាកាសធាតុ ដោយផ្តោតលើការងារអាទិភាពចំនួន៦ រួមមាន ការ​ងារ​គ្រប់​គ្រងសំរាម, ការងារថាមពល, ការងារដឹកជញ្ជូន, ការងារលូប្រឡាយ និងប្រព័ន្ធ​ទឹក​សម្អុយ, ការងារអភិរក្សបរិស្ថាន និងការងារផលិតផលបៃតង។

លោកបន្ដថា ក្នុងដំណើរ​ទស្សន​កិច្ចនេះ គឺទី១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជធានី​ភ្នំពេញ និងគីតាគ្យូស៊្សូ ក្នុង​នាម​ជាទីក្រុងសម្ព័ន្ធមេត្រីភាពទី២ ដើម្បីពង្រឹងកិច្ចសហ​ប្រតិប​ត្តិ​ការលើការ​អនុ​វត្ត​គម្រោ​ង ដែលកំពុងតែអនុវត្ត រវាងទីក្រុងគីតាគ្យូស៊្សូ និងទីក្រុងភ្នំពេញលើ​កា​រ​គ្រប់គ្រងសំណល់រឹង នៅ​ក្នុងរាជធានីភ្នំពេញ និងទី៣ ដើម្បីថ្លែងអំណរគុណ ដល់ក្រុមការងារ ក៏ដូចជា​ថ្នាក់ដឹ​កនាំ​រដ្ឋ​បាល​រាជធានីភ្នំពេញ ដែលតែងតែចំណាយពេលវេលា ក្នុង​ការជួ​ប​ពួ​ក​គា​ត់នៅពេ​លដែល​ពួក​គាត់​មក​បំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ៕ ដោយ៖ សំរិត