ខេត្តកំពង់ឆ្នាំង ប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ — គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រារព្ធខួបអនុស្សាវរីយ៍លើក​ទី៦៨  ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់​ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង​ដោយមានការ​អញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធាន​គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារថ្នាក់កណ្តាល សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ឆ្នាំងសរុប២.៧៨៣នាក់។

ឯកឧត្តម ឈួរ  ច័ន្ទឌឿន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា​គណបក្សប្រជាជន​​កម្ពុជា ដែលមានឈ្មោះដើមថា “បក្សប្រជាជន បដិវត្តន៍ខែ្មរ”  គឺជាគណបក្សដែល មានវ័យ​ចំណាស់ជាងគេ ដែលក្នុងរយៈពេល ៦៨ឆ្នាំមកនេះគណបក្ស បានរួមសុខរួមទុក្ខជាមួយ​ប្រជាជន​គ្រប់កាលៈទេសៈ ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិ​ស្នេហា​ជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផល​សង្គមជាតិ។

ឯកឧត្តមបានប្រសាសន៍បញ្ជាក់បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបាន ដឹកនាំ​រំដោះ​ប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ព្រមទាំងដឹកនាំកសាង ការពាររហូតទទួល​បាន​សន្តិភាពពេញលេញទូទាំងប្រទេស និងអភិវឌ្ឍន៍ប្រទេសតាំងពីចំនុចសូន្យ រហូតដល់ក្លាយ​ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្ពស់។ ឯកឧត្ដមបានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងបន្តធ្វើកំណែទម្រង់ដ៏មុត​ស្រួចដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងដំណើរអភិវឌ្ឍន៍តាមបាវចនា កំណែទម្រង់ខាងក្នុង បង្កើន​មិត្តភាពខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំងប្រាំគឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់៕

ដោយ សោម ឫទ្ធី