សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលខេត្តព្រះសីហនុថ្មី

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុថ្មី នៅសាលាខេត្ត​ព្រះសីហនុ  នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា បើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៦១៩/៩១៥ ត្រាស់បង្គាប់ផ្ទេរ​ភារកិច្ច​ ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាល​ខេត្តកំពង់ចាម មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

សម្តេចក្រឡាហោម ស ខេង បានបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោត​សរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារ​នាពេលកន្លងមក ដែលធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ​រហូត​ទទួលបានការគាំទ្រពីសាធារណជន ។

សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើដល់ឯកឧត្តម អភិបាលខេត្តថ្មី ត្រូវខិតខំយកចិត្តទុក​ដាក់​​បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងមានទំនាក់ទំនងល្អ​ជាមួយមន្ទីរ អង្គភាព ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល ធ្វើជាអ្នកដឹកនាំល្អមួយរូប ឱ្យបងប្អូន​គោរព​ស្រឡាញ់។ លើសពីនេះ ត្រូវចេះដោះស្រាយរាល់គ្រប់បញ្ហាដោយផ្អែកលើគោល ការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចក្រឡាហោមបន្តថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូល​សេដ្ឋ    កិ​ច្ចកិច្ចទាំង៣ ដែលរាជរដ្ឋាភិបាលបានកំណត់ ក្នុងនោះរាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ច​អភិវឌ្ឍន៍ពហុបំណង។ ចំណែកខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចផ្នែកទេសចរណ៍ មានអង្គរវត្ត និងប្រាង្គប្រាសាទបុរាណជាច្រើន ។ សម្ដេចក្រឡាហោមបន្ថែមថា ចំពោះខេត្តព្រះសីហនុ ជា​ប៉ូលសេដ្ឋកិច្ច មានទឹកសមុទ្រ ឆ្នេរខ្សាច់ ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរ និងការ​វិនិយោគ ទាមទារឱ្យយើងមានលក្ខណៈសម្បត្តិ ៥យ៉ាង ទី១.ការការពារអនាម័យ បរិ ស្ថាន  ទី២. មានគោលនយោបាយ សមស្របលើកទឹកចិត្តការវិនិយោគ ត្រឹមត្រូវ និងគោរពច្បាប់​កម្ពុជា ។ ទី៣. រក្សានូវអត្តសញ្ញាណជាតិ ដើម្បីបង្កឱកាសឱ្យទេសចរមកកម្សាន្ត និងវិនិយោគ ទី៤. ធានាការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ និងសច្ចធម៌។ ទី៥. រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ មានទំនុកចិត្ត ក្នុងការចូលរួមអនុ វត្តនូវគោលនយោ​បាយភូមិ ឃុំ មានសុវត្ថិភាព ៕ដោយ ងូ សុមុនី