រាជរដ្ឋាភិបាលគ្រោងពង្រីកគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ទៅកាន់ខេត្តគោលដៅចំនួន៥ផ្សេងទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រាជរដ្ឋាភិបាលគ្រោងពង្រីកគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ទៅកាន់ខេត្តគោលដៅចំនួន៥ផ្សេងទៀត ដើម្បីជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋដែលក្រីក្រឲ្យមានផ្ទះសម្បែងនិងដីកសិកម្មសម្រាប់លើកស្ទួយជីវភាពក្នុងក្រុមគ្រួសារ។

នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ហៅកាត់ថាឡាហ្សិត២បានអោយដឹងថា ក្រុមការងារពាក់ព័ន្ធកំពុងសិក្សានៅខេត្តចំនួន៥ទៀត ដូចជាពង្រីកគម្រោងថ្មីនៅខេត្តកំពង់ធំ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារដើម្បីអនុវត្តន៍គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ជួយដល់ប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសម្បែងនិងដីកសិកម្ម។


លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន លំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជានាយកគម្រោងឡាហ្សិតជំហាន២បានឲ្យដឹងថា ការសម្រេចជ្រើសរើសយកខេត្តទាំង៥នេះ ដោយសារមើលឃើញពីតម្រូវការចំាបាច់របស់ប្រជាពលរដ្ឋក្រីក្រដែលភាគច្រើន គ្មានដីសម្រាប់សាងសង់លំនៅដ្ឋាននិងដីធ្វើកសិកម្មដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។


សម្លេង«ខេត្តទំាងអស់នៅភាគឦសាន ភាពក្រីក្រមានកម្រិតខ្ពស់ រាជរដ្ឋាភិបាលមានការតំាងចិត្ត ខ្ពស់ក្នុងការដោះស្រាយភាពក្រីក្រនេះឲ្យនៅក្រោមជាង១០ភាគរយ ហើយគម្រោងដែលយើង គ្រោងពង្រីកនៅដំណាក់កាលក្រោយទៀតនេះគឺចាប់ពីឆ្នាំ២០២០រហូតដល់២០២៥ ដែលមាន រយៈពេល៦ឆ្នាំ។


លោកបណ្ឌិតបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលនឹងផ្តល់ដីសំរាប់សង់លំនៅដ្ឋានផ្តល់ដីធ្វើកសិកម្មហើយរៀបចំភូមិលំនៅដ្ឋានឲ្យបានត្រឹមត្រូវមានផ្លូវថ្នល់ចេញចូលងាយស្រួល សង់សាលារៀន ផ្សារសហគមន៍ បុស្តិ៍សុខភាព អណ្តូងទឹក និងស្រះទឹកស្អាត និងផ្ទះសម្រាប់គ្រូបង្រៀន និងគិលានុប្បដ្ឋាកជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ដាំដុះឬប្រភេទដំណាំដែលត្រូវនឹងសមាសភាពដីដែលបានចែកជូន ផ្តល់ពូជដំណាំ ការសាងសង់ប្រព័ន្ធធារាសាស្រ្តនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការស្រោចស្រពដែលបង្កលក្ខណៈអោយប្រជាពលរដ្ឋទំាងនោះមានភាពងាយស្រួលក្នុងការដាំដុះឲ្យទទួលបានទិន្នផលខ្ពស់ដែលធានាបាន សន្តិសុខស្បៀងសម្រាប់សហគមន៍ផងនិងការបញ្ចេញលក់នៅទីផ្សារខាងក្រៅផង។
លោក ប៊ូ សារឿន មន្រ្តីទំនាក់ទនងនៃធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ធនាគារពិភពលោកគាំទ្រចំពោះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចនេះ ពង្រីកទៅកាន់ខេត្តចំនួន៥ទៀត ប៉ុន្តែមិនទាន់កំណត់ច្បាស់ទំហំថវិកាសម្រាប់ អនុវត្តគម្រោងនេះនៅឡើយទេ។ លោកបានអៈអាងថា គម្រោងនេះបានជួយដល់ប្រជាពលរដ្ឋ ឲ្យមានភាពល្អប្រសើរឡើងដោយមានផ្ទះរស់នៅសមរម្យ មានដីធ្វើស្រែចំការសម្រាប់ចិញ្ចឹមជីវិត ហើយបញ្ជូនកូនចៅបានទៅរៀនទៀងទាត់។
សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច នេះកំពុង អនុវត្តន៍នៅលើទីតំាងចំនួន១៤កន្លែងស្ថិតក្នុងខេត្តចំនួន៥មានដូច ជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
គម្រោងនេះបានអនុវត្តន៍ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គជអប) ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ដោយគ្រោងចំណាយថវិកាប្រមាណ២៦លាន៨សែនដុល្លារអាមេរិកបានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោកនិងបដិភាគរបស់រាជរដ្ឋាភិបាលហើយមានប្រជាពលរដ្ឋទទួលផលប្រមាណ៥១៤១គ្រួសារ៕