សម្តេចពិជ័យសេនា ទៀ បាញ់៖ និវត្តន៍ជនគឺជាការត្រួសត្រាយផ្លូវដោយតម្លៃ​នៃការធ្វើពលីកម្ម​ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ

AKP សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប បានលើក​ឡើង​ថា អតីតកាលនៃនិវត្តន៍ជនគឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំ​បាកគ្រប់បែបយ៉ាងដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងពិធីជួបសំណោះសំណាលជាមួយនិវត្តន៍ជនប្រមាណជាង២០០នាក់ នៅក្នុងកម្មវិធី​ដាច់​ដោយឡែកមួយ បន្ទាប់ពីការប្រារព្ធពិធីអបអរសាទរខួបឆ្នាំទី៦៨  នៃថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨មិថុនាឆ្នាំ២០១៩ កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩ នៅខេត្ដសៀមរាប ​សម្តេច​ពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ភាពកតញ្ញូចំពោះ​វីរភាព​របស់រៀម ច្បងក្នុងបុព្វ​ហេតុ​ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិនេះ គឺជាមោទន​ភាពរបស់និវត្តន៍​ជន ដែលត្រូវ​ទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុង​ធ្វើដំណើរ​លើកំណាត់ផ្លូវ ​ត្រូវបានត្រួសត្រាយដោយតម្លៃពលិកម្មមិនអាចកាត់ថ្លៃបាន ក្នុងរស​ជាតិ​នៃភាពអំណត់ តស៊ូ នៃអ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក បន្ទាប់ពីប្រជាជាតិ​កម្ពុជា ទើបនឹងបានរួចផុត និង​ចាកចេញពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេច​ពិជ័យសេនា ទៀ បាញ់ បានបន្ដថា នេះគឺជាការផ្តល់តំលៃដ៏ខ្ពង់ខ្ពស់ពីសំណាក់​ថ្នាក់​ដឹក​នាំជាន់ខ្ពស់របស់គណបក្ស​ប្រជាជនកម្ពុជា ចំពោះវីរអតីតកាលនៃនិវត្តន៍ជន។

សម្តេចពិជ័យសេនាបានបន្ដថា ខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​ឆ្នាំ​នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ស្ថិរភាព​នយោបាយ និងសន្តិសុខយ៉ាងរឹងមាំ។ ជាមួយគ្នានេះដែរ ដំណើរការអនុវត្តន៍​កម្មវិធី​នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦​នៃរដ្ឋសភា កំពុងអនុវត្តន៍បានផ្លែផ្កាប្រកបដោយមោទនភាព។ សម្តេច​ពិជ័យសេនាបាន​បន្ថែម​ថា ផ្លែផ្កានៃវឌ្ឍនភាព ដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចប្បន្ននេះ គឺ​ពិតជា​លទ្ធផលដែលមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបាននោះឡើយ។ 

សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា និវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍជាតិ រៀម​ច្បងពិតជាបានចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លងកាត់ការ​លំបាកគ្រប់បែបយ៉ាងកាលពីអតិតកាលដើម្បីមានថ្ងៃនេះ។ សម្តេចពិជ័យសេនា ក៏បានពាំនាំ​នូវ​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិតិ្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូននិវត្តន៍ជនទាំងពីរភេទ។ សម្ដេចពិជ័យសេនាបាន​បន្ថែមថា ការជួបជុំនេះ​គឺជា ប្រពៃណីទំនៀមទម្លាប់របស់គណបក្សប្រជាជនកម្ពុជា នៅរៀង​រាល់​ឆ្នាំក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិតែងតែបានយកចិត្តទុកដាក់ ចំពោះបងប្អូន​មន្ត្រីចូលនិវត្តន៍ទាំង មន្ត្រីរាជ​ការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ  ក្នុងការតបស្នងសងគុណ​បំណាច់ និងរម្លឹកនូវវីរភាព ក្នុង​ការ​ចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឱ្យមានភាពសុខសាន្ត​និងរីក​ចម្រើនលើគ្រប់វិស័យក្នុងខេត្ត​សៀមរាប៕

ដោយ ហង្ស ​សៀក